We TV Cambodia

ក្រុមហ៊ុនចិនគ្រោងសង់ទំនប់វារីអគ្គិសនីមួយទៀត ក្នុងស្ទឹងតាតៃ

រូបថតៈ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយៈ ទិន សុខាវុធ

ក្រុមហ៊ុន CHINT Group មកពី​ប្រទេស​ចិន មានគំរោង​វិនិយោគសង់​ទំនប់វារី​មួយទៀត​ ក្នុង​ស្ទឹងតាតៃ​ខាង​លើ​ ស្ថិត​ក្នុង​ខេត្តកោះកុង​។

យោង​តាម​​ទំព័រ​ Facebook របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅ​នេះ លោក ណាន ឈុនហ៊ួយ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​​ក្រុមហ៊ុន CHINT Group របស់​ប្រទេស​ចិន​ បាន​ចូល​ជួប​សន្ទនា​ការងារ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​។

នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក ណាន ឈុនហ៊ួយ បាន​លើក​យក​គំរោង​វិនិយោគ​ចំនួនពីរ​ មកពិភាក្សា​​។ ពោលគឺ គំរោង​ទី​មួយ​គឺ​ជា​គំរោងសង់​ទំនប់វារី​មួយ​ថ្មី​ទៀត​នៅ​ក្នុង​ស្ទឹង​តាតៃ​ខាង​លើ​។ ចំណែកឯគំរោង​ទីពីរ​វិញ គឺ​ជា​គំរោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបំរើការទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗទៀតដែលនឹងជួយថែរក្សាការការពារនូវការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃភ្លើងផងដែរ។

ចំពោះ​គំរោង​សង់​ទំនប់​វារី​អគ្គិសនី លោក ណាន ឈុនហ៊ួយ មាន​ជំនឿ​ថា​វា​នឹងផ្តល់​ផល​ចំណេញ​ជា​ច្រើន ពី​ព្រោះ​ទំនប់វារី​អគ្គិសនី​ថ្មីនេះ​នឹងត្រូវ​សង់​នៅ​ក្នុង​ស្ទឹង​តាតៃ​តែ​មួយ​ ដែល​នឹង​ធ្វើ​អោយ​ចរន្ត​ទឹក​ស្ទឹង​តែ​មួយ​ដូចគ្នា អាច​ធ្វើអោយ​ទនប់វារីរហូត​ដល់ទៅ​ពីរ​ដំណើរ​ការព្រម​គ្នា​។

លោក ឈុនហ៊ួយ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា គំរោង​ទាំងពីរ​របស់​ក្រុមហ៊ុនរបស់​លោក​ នឹងជួយ​កាត់​បន្ថយ​នូវ​ការប៉ះពាល់ដល់​បរិស្ថាន ក៏​ដូច​ជាការ​សន្សំសំចៃ​ថាមពលអគ្គិសនី​​បានជា​អតិបរមា​ផង​ដែរ​​។

ជាការឆ្លើយតប ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្វាគមន៍​គំរោង​វិនិយោគទាំងពីរនេះ ដោយ​​បាន​លើក​ឡើងថា វាត្រូវ​នឹង​គោលដៅ​​នៅ​ក្នុង​ «យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី ៤» ​របស់​រាជ​រដ្ឋាភិបាល ដែល​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ប្រកប​ដោយ​ប្រសិទ្ធិភាព​។

លើស​ពី​នេះ​ទៀត លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ធ្វើ​ការណែនាំដល់​ក្រុមហ៊ុន CHINT Group ថា​មិន​ត្រូវ​ពឹងផ្អែក​តែ​ទៅ​​ទី​ផ្សារ​របស់​កម្ពុជា ដែលនៅ​ក្នុង​នោះ​មាន​មនុស្ស​ប្រមាណ​ ១៦ លាន​នាក់តែ​មួយ​មុខ​​ប៉ុណ្ណោះទេ ក្រុមហ៊ុន​ក៏​ត្រូវ​សំលឹងមើល​ទៅ​ទីផ្សារ​នៅ​ក្នុង​តំបន់​ ASEAN ​ទាំងមូល​ផង​ដែរ​។ ទន្ទឹមគ្នា​នេះដែរ សម្តេច ហ៊ុន សែន ក៏បាន​សុំ​អោយ​ភាគី​ចិន​បើ​កទីផ្សារ​​របស់​ខ្លួន​អោយ​បាន​​កាន់​តែ​ធំ​ទូលាយ​ថែម​ទៀត​ សំរាប់​ទទួល​ទិញ​យក​ផលិត​ផល​កសិកម្ម​​ពី​ប្រទេស​កម្ពុជា​ និង​​បាន​ស្នើ​សុំអោយ​មានការចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ រវាង​ចិន​និង​កម្ពុជា ក្នុង​គោល​បំណង​​ធានា​អោយ​មាន​បរិយាកាស​វិនិយោគ​​ដ៏​ល្អ​មួយ សំរាប់​អោយ​​ក្រុមហ៊ុន​ចិន​ជា​ច្រើនទៀត​ មកវិនិយោគ​នៅ​កម្ពុជា​៕

Related Articles