
ដោយៈ ទិន សុខាវុធ
សមាគមឥដ្ឋការ៉ូ និង ឥដ្ឋសំណង់មកពីប្រទេសចិន មានបំណងចង់បោះទុនវិនិយោគនៅកម្ពុជា ក្នុងការផលិតឥដ្ឋការ៉ូ និង ឥដ្ឋសំណង់ ដើម្បីបំពេញសេចក្តីត្រូវការក្នុងវិស័យសំណង់នៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេស។
យោងតាមទំព័រ Facebook របស់ក្រសួងឧស្សហកម្ម និងសិប្បកម្ម កាលពីសប្តាហ៍មុន លោកស្រី Xu Yanming ប្រធានសមាគមខាងលើ បានដឹកនាំគណប្រតិភូមូយក្រុម ចូលជួបសន្ទនាការងារជាមួយលោករដ្ឋមន្ត្រី ចម ប្រសិទ្ធិ នៅឯទីស្តីការរបស់ក្រសួង។
នៅក្នុងជំនួបនោះ លោកស្រី Xu Yanming បានលើកឡើងថា ក្រុមហ៊ុនចិនកំពុងស្វែងរកការជួយគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះទុនវិនិយោគផលិតឥដ្ឋការ៉ូនិងឥដ្ឋសំណង់នៅកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីស្វាគមន៍បំណងល្អរបស់សមាគមចិន ដែលមានបំណងចង់បោះទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ហើយលោករដ្ឋមន្ត្រីក៏បានជំរុញអោយសមាគមនេះ ចុះបញ្ជីជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាននូវលើកទឹកពីរាជរដ្ឋាភិបាល ទៅតាមប្រការដែលអាចធ្វើទៅបាន។
«ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបញ្ជាក់ថា បើសិនជាផលិតផលរបស់ក្រុមហ៊ុន ក្នុងសមាគមផលិត ឥដ្ឋការ៉ូ រឺឥដ្ឋសំណង់ទៅមានគុណភាពខ្ពស់តាមស្តង់ដារ ពិតជាមានទីផ្សារល្អនៅកម្ពុជា ព្រោះជួយកាត់បន្ថយការនាំចូលពីក្រៅ ហើយក៏អាចមានលទ្ធភាពធ្វើការនាំចេញទៅក្រៅតាមប្រពន្ធអនុគ្រោះពាណិជ្ជកម្មរបស់កម្ពុជាផងដែរ» នេះជាសំនេរនៅលើទំព័រ Facebook របស់ក្រសួង៕
