ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនរដ្ឋចិន Beijing Capital Agribusiness Group បានប្រកាសថា ក្រុមហ៊ុនកំពុងសិក្សាពីលទ្ធភាពបោះទុនវិនិយោគប្រមាណជា $30 លានដុល្លារ ក្នុងការបង្កើតចំការចេកអំបូងពណ៌លឿងដ៏ធំល្វឹងល្វើយមួយ នៅលើផ្ទៃដីប្រមាណជា ១,៥០០ ហិកតា នៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Li Zhijun ប្រធាននាយកដ្ឋានកសិកម្មនិងកិច្ចការជនបទនៃក្រុងប៉េកាំង នៅក្នុងជំណួបជាមួយនឹងមន្ត្រីនៃក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃអង្គារកន្លងទៅ នៅទីក្រុងប៉េកាំង។
យោងតាមទំព័រ Facebook របស់ក្រសួងកសិកម្មកម្ពុជា នៅក្នុងជំណួបនោះ លោក Li Zhijun ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់មួយសំរាប់ក្រុមហ៊ុនចិន ក្នុងការដាំដំណាំចេកអំបូងពណ៌លឿង ដែលឆ្លើយតបនឹងតំរូវការនៃទីផ្សារក្នុងប្រទេសចិន។
ជាការឆ្លើយតប លោក ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្មកម្ពុជា បានស្វាគមន៍គំរោងវិនិយោគចំការចេកអំបូងពណ៌លឿងនេះ ដោយបានលើកឡើងថា គំរោងវិនិយោគនេះដើរស្របជាមួយនឹងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងធ្វើទំនើបនីយកម្មវិស័យកសិកម្ម ដោយលើកទឹកចិត្តដល់ការពង្រីកវិស័យឧស្សាហកម្មចំណីអាហារ ការវេចខ្ចប់ និងការនាំចេញនូវផលិតផលកសិផលមានគុណភាពខ្ពស់។
យោងតាមតួលេខរបស់ក្រសួងកសិកម្ម ក្នុងរយពេល ៩ ខែ ដើមឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ១១០,៥១២ តោន ទៅកាន់ប្រទេសចិន វៀតណាម និង ជប៉ុន៕