We TV Cambodia

ក្រុមហ៊ុនគ្រឿងចក្រសំណង់ UMG Cambodia បើកសាខាថ្មីនៅខេត្តសៀមរាប

ក្រុមហ៊ុនគ្រឿងចក្រសំណង់ UMG Cambodia បើកសាខាថ្មីនៅខេត្តសៀមរាប

ដោយៈ ទិន សុខាវុធ

កាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុ់ន UMG Cambodia ដែល​ជាក្រុមហ៊ុន​លក់​គ្រឿងចក្រ​សំណង់​ធំ​ៗ​នៅ​កម្ពុជា បាន​បើក​សម្ពោធ​ជា​ផ្លូវការ​​នូវ​សាខា​មួយ​ទៀត​របស់​ក្រុមហ៊ុន នៅ​ក្នុង​ខេត្តសៀមរាប ស្រុក​ប្រាសាទ​បាគង ឃុំ​កណ្តែក​។

យោង​តាម​លោក Alfred Kasuma Aliwaga នាយកគ្រប់គ្រងក្រុមហ៊ុន UMG Cambodia នៅ​កម្ពុជា គោលបំណងដ៏​សំខាន់​នៃការបើកសាខា​​​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​ធ្វើ​យ៉ាងណា​បំពេញ​តំរូវការ​នៃ​ការប្រើប្រាស់​គ្រឿង​ចក្រ​សំណង់​ធំ​ៗ​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​​នេះ​ អោយ​បាន​គ្រប់គ្រាន់​​។

មួយវិញទៀត ដោយ​នៅ​ក្នុង​ខេត្ត​នេះ​សំបូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បុរាណ​ ក៏​ដូច​ជា​ដី​ស្រែ​សំរាប់​ដំណាំ​កសិកម្ម​ ​ការប្រើប្រាស់​គ្រឿង​ចក្រ​សំណង់​ធំ​ៗ​ក្នុង​ការជួសជុល​ប្រាង្គ​ប្រាសាទ និង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែកកសិកម្ម​​ មិនអាច​អត់​បានឡើយ​។

«ខេត្តសៀមរាបកំពុងតែមានការអភិវឌ្ឍន៍ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកកសិកម្ម ដែលត្រូវការនូវគ្រឿងចក្រទំនើបៗបែបនេះយកមកប្រើប្រាស់» នេះ​ជា​ការលើក​ឡើង​របស់​លោក Alfred Kasuma Aliwaga ប្រាប់អ្នក​សារព័ត៌មាន​។

លោកបានបន្តទៀតថា «កន្លងមក អតិថិជនដែលមានតម្រូវការក្នុងការប្រើប្រាស់គ្រឿងចក្រធំៗនៅខេត្តសៀមរាបនេះ គឺត្រូវធ្វើដំណើរវែងឆ្ងាយណាស់ ព្រោះត្រូវធ្វើដំណើរឡើងទៅភ្នំពេញ ដើម្បីទិញគ្រឿងចក្រ ឬគ្រឿងបន្លាស់ដើម្បីយកទៅប្រើប្រាស់។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនបានមកបើកសាខានៅសៀមរាបដើម្បីជាការផ្តល់សេវាឱ្យមកជិតអ្នកប្រើប្រាស់នៅក្នុងតំបន់ក៏ដូចជាតាមបណ្តាខេត្តជិតខាង» ។

លោក​នាយក​ក្រុមហ៊ុន​រូប​នេះ បាន​បន្ថែម​ទៀត​ថា «ក្រុមហ៊ុនUMG Cambodia នឹងផ្តល់នូវគ្រឿងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបន្ថែមទៀតមកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនកាន់តែមានភាពងាយស្រួល» ។

ទាក់ទង​នឹង​រឿង​នេះ សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ​បាន​រ៉ាយរ៉ាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការសំរេច​ចិត្ត​បើក​សាខា​​របស់​ក្រុមហ៊ុន UMG Cambodia ​នៅ​ក្នុង​ស្រុក​របស់​គាត់ គឺ​ពិត​ជា​បាន​ចូល​រួម​ចំណែក​ដ៏​សំខាន់​ ក្នុង​ការអភិវឌ្ឍ​ភូមិ​ឃុំក្នុង​ស្រុក​របស់​គាត់​​ ដែល​កំពុង​ត្រូវការ​នូវ​គ្រឿងចក្រ​ទំនើបៗ​សំរាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ អោយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​​នោះ​។

«ក្នុងនាមអាជ្ញាធរស្រុក ខ្ញុំសូមបង្ហាញពីការគាំទ្រចំពោះវត្តមានរបស់ក្រុមហ៊ុន UMG Cambodia ដែលបានមកបើកសាខានៅខេត្តសៀមរាបនេះ ព្រោះថាវាមានសារៈសំខាន់ក្នុងការបង្ហាញឱ្យឃើញពីការរួបរួមគ្នារបស់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍខេត្តតំបន់ទេសចរណ៍មួយនេះ» នេះ​ជាការ​លើក​ឡើង​របស់​លោក​ សូ ប្លាតុង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *