
ក្រុមហ៊ុន Jin Sung Group នៃសាធារណរដ្ឋកូរ៉េ មានគម្រោងធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា សម្រាប់កិច្ចការងារបច្ចេកវិទ្យានៃការផ្សព្វផ្សាយ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីការគាំទ្រពាក់ព័ន្ធវឌ្ឍនភាពនៃបច្ចេកវិទ្យាទំនើបនៅពេលអនាគត។

គម្រោងបង្កើតកិច្ចសហការនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន ទទួលជួបពិភាក្សាការងារជាមួយលោក Kim Hyung Jun នាយកប្រតិបត្តិក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ កាលព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នេះ។

ក្នុងឱកាសនោះដែរ លោក Kim Hyung Jun បានជម្រាបជូនពីគោលបំណងចង់ចូល រួមសហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការធ្វើកំណែទម្រង់ច្បាប់របបសារព័ត៌មាន ដើម្បីអោយស្របតាមការវិវឌ្ឍន៍ និងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងសកលលោក។ ក្រុមហ៊ុន Jin Sung Group មានគម្រោងផ្តល់សំភារៈ បរិក្ខាបច្ចេកវិទ្យាមួយចំនួនដល់ក្រសួងព័ត៌មាន ពិសេសគឺ iPaid ថ្មីៗ សម្រាប់ការសិក្សាពីចម្ងាយ និង ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning ។

លោក Kim ក៏បានបញ្ជាក់បន្ថែម ពីការផ្តើមរឹតចំណងមិត្តភាព និងកិច្ចសហការជាមួយក្រសួងសំខាន់ៗចំនួន ៣ គឺ ក្រសួងឧស្សាហកម្ម, ក្រសួងអប់រំ យុវជន និងកីឡា, និងក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ ហើយសម្រាប់កិច្ចសហការជាមួយក្រសួងព័ត៌មាន គឺក្នុងគម្រោងផ្តល់អាហារូបករណ៍ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការគាំទ្រពាក់ពន្ធ័វឌ្ឍនភាពនៃបច្ចេកវិទ្យាទំនើបនៅពេលអនាគត គឺ Digital Platform ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ លោក Kim Hyung Jun ដែលមានគម្រោងធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជាសម្រាប់កិច្ចការងារបច្ចេកវិទ្យានៃការផ្សព្វផ្សាយ និងគម្រោងក្នុងផ្តល់នូវ iPaid ថ្មីៗដល់ក្រសួងព័ត៌មានសម្រាប់ចូលរួមក្នុងសកម្មភាពការងារនៃកម្មវិធីបង្រៀនពីចម្ងាយ គឺការរៀនតាមទូរសព្ទ័ស្មាតហ្វូត, កុំព្យូទ័រ និង iPaid ដោយសារសាលារៀនទាំងអស់ត្រូវបានបិទ បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីត ១៩ ៕
អត្ថបទដោយ៖ Nevin
