We TV Cambodia

ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងបង្កើតកម្មវិធីកែកំហុសសំណេរអក្សរខ្មែរ លើស្លាកយីហោនិងប្រព័ន្ធផ្សព្វផ្សាយ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងបង្កើតកម្មវិធីកែកំហុសសំណេរអក្សរខ្មែរ លើស្លាកយីហោនិងប្រព័ន្ធផ្សព្វផ្សាយ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងបង្កើតកម្មវិធីលើស្មាតហ្វូនកែកំហុសសំណេរអក្សរខ្មែរលើស្លាកយីហោ និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យ និងកែតម្រូវ។

ឯកឧត្តម ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានប្រាប់ឲ្យដឹងថា កម្មវិធីនេះនឹងអាចឲ្យប្រជាពលរដ្ឋប្រើទូរស័ព្ទថតយករូបភាពស្លាកយីហោ ដែលសរសេរខុសអក្ខរាវិរុទ្ធណាមួយ រួចបញ្ជូនតាមកម្មវីធីនេះ ដើម្បីឱ្យក្រសួង និងស្ថាបនពាក់ព័ន្ធពិនិត្យ និងកែតម្រូវ។ មិនតែប៉ុណ្ណោះ វាក៏ជាការចូលរួមមួយរបស់ប្រជាពលរដ្ឋ ក្នុងការជួយកាត់បន្ថយការសរសេរខុសលើស្លាកយីហោ និងថែរក្សាអភិរក្ស ភាសារបស់ជាតិផងដែរ។

យោងតាមលទ្ធផលស្រាវជ្រាវរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបង្ហាញថា កំហុសនៃការប្រើភាសាខ្មែរលើរូបសញ្ញាមានដល់ទៅ២៥% គឺជាកំហុសក្នុងការសរសេរស្រៈ ព្យញ្ជនៈ វណ្ណយុត្ត ការសរសេរជាព្យាង្គតម្រួត ឬព្យាង្គរាយ និងកំហុសខាងវេយ្យាករណ៍ជាដើម។

សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាកំពុងជំរុញការធ្វើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញាឱ្យបានរួចរាល់ឆាប់ៗ ខណៈបច្ចុប្បន្នកំពុងពន្លឿនលើការពិភាក្សាការងារនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

អត្ថបទដោយ៖ Nevin

Related Articles