We TV Cambodia

ក្រុមជនអនាមិកបានបោកបញ្ឆោតបុគ្គលិក GoDaddy តាមរយៈ Vishing ឱ្យជួយក្នុងការវាយប្រហារ

ក្រុមជនអនាមិកបានបោកបញ្ឆោតបុគ្គលិក GoDaddy តាមរយៈ Vishing ឱ្យជួយក្នុងការវាយប្រហារ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមផេកផ្លូវការ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ការបោកបញ្ឆោតតាមរយៈ Vishing ត្រូវបានកើនឡើងយ៉ាងខ្លាំងក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែបុគ្គលិករបស់ក្រុមហ៊ុនជាច្រើនត្រូវបានតម្រូវឱ្យធ្វើការនៅផ្ទះជំនួសឱ្យការទៅធ្វើការនៅក្រុមហ៊ុនផ្ទាល់ ដែលនេះជាឱកាសកាន់តែល្អសម្រាប់ជនអនាមិកទូរសព្ទទៅបុគ្គលិកដើម្បីធ្វើការបោកបញ្ឆោត។

ជាឧទាហរណ៍កាលពីពេលថ្មីៗនេះក្រុមហ៊ុន GoDaddy បានចេញសេចក្ដីរាយការណ៍ថា បុគ្គលិកមួយចំនួនរបស់ពួកគេត្រូវបានរងគ្រោះដោយការបោកបញ្ឆោតតាមរយៈ Vishing ដែលបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងគណនី ធ្វើឱ្យជនអនាមិកចូលប្រើប្រាស់បាន។ ការវាយប្រហារនេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយជនអនាមិកបានចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Liquid ដែលជាក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ និងបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុង DNS ដែលអាចឱ្យពួកគេគ្រប់គ្រងប្រព័ន្ធអុីមែលមួយចំនួនបាន នេះបើតាមការរាយការណ៍របស់ក្រុមហ៊ុន។

ការបោកបញ្ឆោតតាមរយៈ Vishing នេះភាគច្រើនកើតឡើងដោយជនអនាមិកទូរសព្ទទៅបុគ្គលិកដោយអះអាងថា ពួកគេគឺជាបុគ្គលិក IT របស់ក្រុមហ៊ុន ហើយចង់ធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលនេះធ្វើឱ្យគេអាចចូលទៅក្នុងគណនីបាន។ សម្រាប់ប្រទេសកម្ពុជាយើងការបោកបញ្ឆោតតាមរបៀបនេះក៏កើតមានឡើងច្រើនមកហើយដែរ ប៉ុន្តែភាគច្រើនគឺកើតឡើងចំពោះតែបុគ្គលផ្ទាល់ប៉ុណ្ណោះ ដូចជាការទូរសព្ទចូលដោយអះអាងថា ពួកគេជាបុគ្គលិកធានាគារ ហើយបានស្នើសុំឱ្យលោកអ្នកផ្ដល់នូវលេខកូដ ដែលលោកអ្នកបានទទួលពីធនាគារ បន្ទាប់មកពួកគេបានប្រើលេខកូដទាំងនោះដើម្បីចូលទៅក្នុងគណនីដើម្បីវេរលុយជាដើម៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

Related Articles