រូបភាពឯកសារ
ប្រភពព័ត៌មានពីគេហទំព័រក្នុង និងក្រៅស្រុកបានចុះផ្សាយជាបន្ដបន្ទាប់គ្នា អំពីក្រុមហ៊ុន ខ្នាតយក្សលំដាប់អន្ដរជាតិរបស់ប្រទេសជប៉ុន Aeon Co.,.Ltd បានប្រកាសពីការផ្លាស់ប្ដូរមេដឹកនាំ ក្រោយពីរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុនមួយនេះទទួលរងការខាតបង់ទឹកប្រាក់ចំនួនដល់ទៅ ៥៨លានដុល្លារ គិតត្រឹមតែរយៈពេល៩ខែ ក្នុងឆ្នាំ២០១៩។ របាយការណ៍ហិរញ្ញវត្ថុដែលផ្សព្វផ្សាយដោយក្រុមហ៊ុន Aeon ហើយត្រូវបានគេហទំព័រអចលនទ្រព្យអាស៊ីចុះផ្សាយកាលពីថ្ងៃទី ១១ មករា ឆ្នាំ ២០២០ បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនៃផ្សារទំនើប Aeon Malls បានសម្រេចតែងតាំង លោក Akio Yoshida ពីអនុប្រធានទៅជាប្រធានផ្សារទំនើបនេះវិញ។
បច្ចុប្បន្នក្រុមហ៊ុនផ្សារទំនើប Aeon Malls របស់ប្រទេសជប៉ុន បានបើកដំណើរការក្នុងប្រទេសកម្ពុជាចំនួន ២គម្រោងរួចទៅហើយ ហើយក៏នឹងមានគម្រោងទី៣ សម្រាប់ឆ្នាំ២០២៣ ខាងមុខដែលមានទំហំផ្ទៃដីទំហំ ១៧៤.០០០ ម៉ែត្រការ៉េ។ បើទោះបីជារបាយការណ៍សរុប មានការខាតបង់ក៏ពិតមែន ប៉ុន្ដែការបើកផ្សារទំនើបទាំងពីរកន្លែងនៅកម្ពុជា គឺទទួលបានជោគជ័យ ចំណែកការប្រកួតប្រជែងនៃការលក់រាយតាម Online និងផ្សារទំនើបនានា បានធ្វើឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុនផ្សារទំនើប Aeon Mall ធ្លាក់ចុះ។
គូសបញ្ជាក់ដែរថា ក្រុមហ៊ុនផ្សារទំនើប Aeon Malls កំពុងបើកដំណើរការក្នុងតំបន់អាស៊ាន ទទួលបានប្រាក់ចំណេញខ្ពស់ហើយជាផ្នែកដ៏សំខាន់ មួយនៃការរីកចម្រើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុនមួយនេះ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ប្រាក់ចំណូលពីប្រតិបត្តិការនៅអាស៊ាន បានកើនឡើងជាង១៥៥ភាគរយ ក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនមួយនេះ ទើបតែបានបើកសាខាទី៤របស់ខ្លួន កាលពីខែវិច្ឆិកា នៅក្នុងទីក្រុងហូជីមិញ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Rfi , japantimes.co.jp
