We TV Cambodia

ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុន EZECOM ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុន EZECOM ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ក្រសួងអប់រំ និង​ក្រុមហ៊ុន​អ៊ីនធឺណិត EZECOM បានសហការគ្នាលើ​គម្រោង​ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​អាច​ជា​ចំណុច​ដំបូង​ដ៏​សំខាន់​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ឈាន​ឡើង​នៃ​វិស័យ​អប់រំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

កាលពីថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញនេះ ក្រសួងអប់រំ និង​ក្រុមហ៊ុន EZECOM បានចុះអនុស្សរណៈនៃការយោគយល់​គ្នាស្ដីពីការជំរុញការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត​ក្រោមយុទ្ធនាការ «មកសិក្សាជាមួយយើង» ។

ការចុះអនុស្សរណៈនៃការយោគយល់​គ្នារវាង ក្រសួងអប់រំ និងក្រុមហ៊ុនអ៊ីនធឺណិត EZECOM

ឯកឧត្ដម​ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​បានមានប្រសាសន៍ថា ​សកម្មភាព​ស្នូល​នៃ​គម្រោង​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ e-learning គឺ​ជា​ការ​បង្កើត​វេទិកា​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​អាច​ចូល​ទៅ​ប្រើប្រាស់ ក៏​ដូច​ជា​តភ្ជាប់​វេទិកា​ដ៏​មាន​អត្ថប្រយោជន៍​នេះ​ដល់​ដៃ​សិស្សានុសិស្សនៅ​ទូទាំង​ប្រទេស។ មិនតែប៉ុណ្ណោះ ​គម្រោង​មួយ​នេះ បានផ្ដល់នូវសារៈសំខាន់​នៃ​ការ​លើក​កម្ពស់​សកម្មភាព​សិក្សារបស់សិស្សានុសិស្ស​តាម​អ៊ីនធឺណិត។

ការរៀនតាមអនឡាញ

ជាមួយគ្នានេះ លោក​ស្រី Yuni Lee Heathcote អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន EZECOM បាន​បង្ហាញ​ការ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចសហការជាមួយក្រសួងអប់រំលើគម្រោង​នេះ។ លោកស្រី​បានបន្ដថា ក្រុមហ៊ុន​ពិត​ជា​មាន​កិត្តិយស​ណាស់ ​ដោយ​បាន​ធ្វើ​ជា​ដៃ​គូ និង​ជា​អ្នក​គាំទ្រ​មួយ​ក្នុង​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​ដើម្បី​ជំរុញ និង​លើក​កម្ពស់​សកម្មភាព​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទដោយ៖ Nevin

Related Articles