We TV Cambodia

ក្រសួងអប់រំ៖ ទោះបើកសាលាឡើងវិញ តែវីដេអូបង្រៀននៅតែផលិត

ក្រសួងអប់រំ៖ ទោះបើកសាលាឡើងវិញ តែវីដេអូបង្រៀននៅតែផលិត

ក្រសួងអប់រំនៅតែបន្តផលិតវីដេអូបង្រៀនសិស្សតាមអនឡាញដដែល ទោះបីសាលារៀនបានបើកក្នុងដំណាក់កាលទី២ ហើយក៏ដោយ ដើម្បីឱ្យសិស្សបានរៀននៅសាលាផង និងអនឡាញផង ខណៈដែលការរៀននៅសាលា សិស្សពុំបានរៀនគ្រប់គ្នាឡើយ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានឲ្យដឹងថា ទោះបីជាបើកដំណើរការសិក្សាឡើងវិញនៅក្នុងដំណាក់កាលទី២នេះ ក៏ដោយ ក៏ក្រសួងនៅតែបន្តរៀបចំវីដេអូដដែល ដើម្បីឱ្យសិស្សានុសិស្សអាចសិក្សាបន្ថែមដោយខ្លួនឯងនៅផ្ទះ ខណៈ ក្រសួងបានកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់រៀន ឱ្យនៅត្រឹមតែ ១៥ ទៅ ២៥នាក់ប៉ុណ្ណោះ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទកូវីដនិងក្រោយកូវីដ គឺការសិក្សាតាមឌីជីថលនេះនឹងក្លាយជាប្រព័ន្ធអប់រំថ្មីមួយ តាមបែបចម្រុះក្នុងថ្នាក់រៀនផង និងស្វ័យសិក្សាដែលប្រើប្រាស់នូវឯកសារអេឡិចត្រូនិកដើម្បីលើកទឹកចិត្តឱ្យសិស្សធ្វើស្វ័យសិក្សាបន្ថែមផង។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការរៀបចំមេរៀនតាមប្រព័ន្ធអនឡាញនេះ ក៏អាចទុកសម្រាប់បណ្តុះបណ្តាលគ្រូ ក៏ដូចជាការធ្វើវិក្រឹត្យការគ្រូបង្រៀន ហើយក៏ជាផ្នែកមួយអាចជួយដល់លោកគ្រូអ្នកគ្រូ  ដើម្បីសិក្សារៀនសូត្រកែលម្អវិធីស្រាស្ត្របង្រៀនបន្ថែមទៀត ព្រោះការបង្រៀនតាមប្រព័ន្ធអនឡាញនេះ សុទ្ធសឹងតែជាគ្រូដែលមានបទពិសោធន៍ល្អៗក្នុងការបង្រៀន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកញ្ញាកន្លងទៅ ក្រសួងអប់រំបានបើកដំណើរសាកល្បង​រៀនឡើង​វិញ ទាំងរដ្ឋ និងឯកជន ដោយសម្រាប់តែថ្នាក់ទី៩ និងទី១២ ប៉ុណ្ណោះ ក្រោយផ្អាកអស់រយៈពេលជិតមួយឆមាស។

អត្ថបទដោយ៖ Nevin

Related Articles