We TV Cambodia

ក្រសួងអប់រំ៖ ទោះជួបបញ្ហាទឹកជំនន់ តែការប្រលងបាក់ឌុបនៅតែធ្វើឡើងធម្មតា

ក្រសួងអប់រំ៖ ទោះជួបបញ្ហាទឹកជំនន់ តែការប្រលងបាក់ឌុបនៅតែធ្វើឡើងធម្មតា

ការប្រលងបាក់ឌុបនៅខែធ្នូខាងមុខ នឹងត្រូវប្រព្រឹត្តទៅជាធម្មតា ទោះបីកម្ពុជាកំពុងជួបគ្រោះទឹកជំនន់ក៏ដោយ ព្រោះថា សាលាដែលបានផ្អាកការសិក្សាជាបណ្តោះអាសន្នក្នុងពេលមានទឹកជនន់នេះ ភាគច្រើនជាសាលានៅកម្រិតបឋមសិក្សា។ ចំណែកកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យវិញ មិនសូវប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយមានតិចតួចបំផុត។ នេះបើយោងតាមការឲ្យដឹងពី ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។

អ្នកនាំពាក្យរូបនេះ បានបន្លែមទៀតថា ក្នុងករណី សិស្សថ្នាក់ទី៩ និងសិស្សទី១២ ត្រូវផ្អាកដោយសារទឹកលិចសាលានោះ ក្រសួងអប់រំសហការជាមួយមន្ទីរអប់រំ និងគណៈគ្រប់គ្រងសាលានីមួយៗ ដើម្បីឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញមិនឱ្យសិស្សខកខានក្នុងការចូលរួមប្រឡងនាពេលខាងមុខឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងមិនបន្ធូរបន្ថយស្តង់ដារប្រឡងនោះទេ ទំាងថ្នាក់ទី៩និងថ្នាក់ទី១២ ទោះបីមានការផ្អាកការសិក្សាមួយរយៈពេលក៏ដោយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សិស្សត្រូវយកចិត្តទុកដាក់ចំពោះការរៀនសូត្រ ដើម្បីត្រៀមប្រឡង ព្រោះក្រសួងមិនមានចេតនាដើម្បីទម្លាក់ស្តង់ដារឱ្យទាបនោះទេ ដោយក្រសួងឹងអនុវត្តទៅតាមស្តង់ដារ ដែលយើងរៀបចំដូចពេលមុនៗដដែល»។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០២០នេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ពោលគឺសល់តែ ២ខែទៀតប៉ុណ្ណោះ។ ដោយឡែក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុននេះផងដែរ។

អត្ថបទដោយ៖ Nevin

 

Related Articles