We TV Cambodia

ក្រសួងអប់រំរៀបចំបាឋកថា អប់រំផ្លូវចិត្ត នៅថ្ងៃបុណ្យសេចក្ដីស្រលាញ់

ក្រសួងអប់រំរៀបចំបាឋកថា អប់រំផ្លូវចិត្ត នៅថ្ងៃបុណ្យសេចក្ដីស្រលាញ់

ដោយ៖ ពេជ្រ

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំពិធីបាឋកថាស្ដីពី ការរក្សាសុខភាពផ្លូវចិត្តតាមលំនាំព្រះពុទ្ធសាសនា ដើម្បីជាការក្រើនរំឮក អប់រំផ្លូវចិត្តបន្ថែមដល់សិស្សានុសិស្ស កុំឱ្យមានការភ្លើតភ្លើនប្រាសចាកពីប្រពៃណី នៅក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ​ខាងមុខនេះ។

«ដោយសារតែ នៅមានសិស្សមួយចំនួនតូចដែលត្រូវការរំឮកដាស់តឿនបន្ថែម ដើម្បីឱ្យចូលរួមគោរពការងារបុគ្គល ឆ្លើយតបទៅនឹងតម្រូវការការសិក្សារបស់ខ្លួន ព្រមទាំងតម្រូវការរបស់ឪពុកម្ដាយ ដើម្បីកុំឱ្យប្រាសចាកវប្បធម៌ ប្រពៃណីជាតិរបស់ខ្លួន»។ នេះជា ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោក ហង់ជួន ណារ៉ុន។

បាឋកថា​ស្ដីពី«ការរក្សាសុខភាពផ្លូវចិត្ត តាមលំនាំព្រះពុទ្ធសាសនា» ដោយនិមន្ត ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ហើយនឹងផ្សាយផ្ទាល់ជូនសាធារណជន​ តាមបណ្ដាយសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ យុវជន និង កីឡា ក៏សូមអំពាវនាវដល់មន្ទីរអប់រំរាជធានីខេត្ត ក៏ដូចជាគណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធចូលរួមបន្តពង្រឹង និងអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុង និងច្បាប់នានាដែលបានដាក់ចេញកន្លងមក និង សូមគោរពថ្លែងអំណរគុណទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺ តួអង្គសិស្សានុសិស្ស ដែលបានចូលរួមគោរពតាមបទបញ្ជាផ្ទៃក្នុង ក៏ដូចជាការបន្តគោរពស្មារតីតម្រូវការសិក្សា និងមករៀនជាធម្មតាក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់៕

Related Articles