ដោយ៖ ពេជ្រ
កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំអនុវត្ដវិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ។
នៅក្នុងខ្លឹមសារដែលបានចេញផ្សាយ បានផ្ដោតទៅលើ ការកាត់បន្ថយកាតកិច្ចពន្ធដារលើវិស័យសណ្ឋាគារនិងផ្ទះសំណាក់ ដោយអ្នកកំពុងប្រកបអាជីវកម្មទាំងនេះក្នុងខេត្តសៀមរាប ត្រូវទទួលបានការបន្ធូរបន្ធយពន្ធដារ ដោយលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ ចាប់ពីខែ កុម្ភៈ ដល់ខែ ឧសភា ឆ្នាំ២០២០។
ជាមួយគ្នានេះផងដែរ ក្រសួងក៏ប្រកាសលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ(លំនៅឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង ៧ មុឺនដុល្លារត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាដោយគិតចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែ មករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏សូមអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕
