We TV Cambodia

ក្រសួងសុខាភិបាល៖អ្នកដំណើរមកពីក្រៅប្រទេសប្រមាណ២ពាន់នាក់ បានធ្វើតេស្ដរកកូវីដ១៩

ក្រសួងសុខាភិបាល៖អ្នកដំណើរមកពីក្រៅប្រទេសប្រមាណ២ពាន់នាក់ បានធ្វើតេស្ដរកកូវីដ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ អ្នកដំណើរក្រៅប្រទេសប្រមាណ២,០០០នាក់ ដែលត្រឡប់ចូលមកកម្ពុជា បានធ្វើតេស្ដរកមេរោគកូវីដ១៩ទាំងអស់ ចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសជាធម្មតាវិញចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។នេះបើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងថ្ងៃ០១ មិថុនា ឆ្នាមំ២០២០។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានឲ្យដឹងថា សម្រាប់អ្នកធ្វើដំណើរបរទេសដែលចូលមកកម្ពុជា បានកំណត់ច្បាស់ថា គ្រប់អ្នកដំណើរទាំងអស់ ត្រូវអនុវត្ដតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ត្រូវមានប័ណ្ណបញ្ជាក់សុខភាពរបស់គាត់ថា គ្មានកូវីដ១៩នោះទេ ក្នុងរយៈពេល៧២ម៉ោង ត្រូវមានធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់៥ម៉ឺនដុល្លារ។

លោកជំទាវបន្ថែមថា អ្នកដំណើរទាំងអស់តម្រូវឱ្យបំពេញទម្រង់បែបបទ ដោយមានអាស័យដ្ឋានពិតប្រាកដ និងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ត្រៀមពេលដែលមន្ដ្រីសុខាភិបាល ធ្វើការតាមដានសុខភាពរបស់អ្នកដំណើរលម្អិត ដែលកន្លងមកក្រសួងតែងតែធ្វើ និងសហការជាមួយអភិបាលរាជធានីភ្នំពេញ ប៉ូលិសអន្ដោប្រវេសន៍ និងអាជ្ញាធរសមត្ថកិច្ច។

លោកជំទាវបន្តថា ក្រសួងនៅតែបន្ដរឹងបន្ដឹងរាល់អ្នកដំណើរ ដែលធ្វើដំណើរត្រឡប់ពីបណ្ដាប្រទេសនានា ចូលមកកម្ពុជាតាមច្រកចេញចូលទាំងអស់ ដោយមិនលើកលែងអ្នកណាឡើយ គឺត្រូវធ្វើតេស្ដរកមេរោគកូវីដ១៩ និងដាក់នៅដាច់ដោយឡែក ដើម្បីរង់ចាំលទ្ធផលទាំងការមកជាលក្ខណៈឯកជន និងព្រឹត្តិការណ៍កម្មវិធីផ្សេងៗ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរជិត២,០០០នាក់នេះ គឺមានតែ៣នាក់ប៉ុណ្ណោះ ដែលផ្ទុកវិជ្ជមានកូវីដ១៩ នឹងទទួលបានការតាមដានសុខភាពយ៉ាងយកចិត្ដទុកដាក់បំផុត ពីមន្ដ្រីសុខាភិបាល ហើយក្នុងចំណោម៣នាក់ ដែលវិជ្ជមានកូវីដ១៩នេះ ក៏បានជាសះស្បើយម្នាក់ និងត្រឡប់ទៅគេហដ្ឋានវិញផងដែរ៕

ប្រភព៖ FN

Related Articles