ដោយ៖ពេជ្រ
ភ្នំពេញ៖ បុរសជនជាតិខ្មែរ អាយុ២១ ឆ្នាំម្នាក់ទទួលបានការព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២៤ មិថុនា ឆ្នាំ២០២០នេះ។
បើតាមសេចក្ដីប្រកាសបានឱ្យដឹងថា បុរសជាជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី បានជាសះស្បើយ ដោយទទួលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរុស្សី ផងដែរ។
សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់)។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៨នាក់ (ស្មើនឹង ៩៨.៤៦% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស៨៩នាក់ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី និងបុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕