ដោយ៖ពេជ្រ
ភ្នំពេញ៖ កម្ពុជារកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ម្នាក់ជាជនជាតិខ្មែរ សញ្ជាតិអាមេរិក កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃ២៣ មិថុនា ឆ្នាំ២០២០នេះ។
បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសជាជនជាតិខ្មែរ សញ្ជាតិអាមេរិក អាយុ៦៦ ដែលមានអាសយដ្ឋានស្នាក់ នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ធ្វើតេស្តតវិជ្ជមានវីរុសកូវីដ-១៩ ដោយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបានបញ្ជាក់ទៀតថា ជើងហោះហើរដែលរកឃើញបុរសជនជាតិខ្មែរមានជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១១២នាក់ (ស្ត្រី ៤១នាក់ និងបុរស ៧១នាក់) ហើយក្នុងចំនួននេះមានជនជាតិខ្មែរចំនួន៨៩នាក់ (ស្រី ៣៥នាក់) និងជនបរទេសចំនួន២៣នាក់ (ស្រី ៦នាក់)។
ដោយឡែក អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចតាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បី តាមដានសុខភាពបន្តសទៀត។
សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់)។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៧.៦៩% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស៨៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៣នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី, បុរសជនជាតិខ្មែរ វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី និងបុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕
