We TV Cambodia

ក្រសួងសុខាភិបាលប្រកាសថា កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅពាក់កណ្ដាលឆ្នាំក្រោយ

ក្រសួងសុខាភិបាលប្រកាសថា កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅពាក់កណ្ដាលឆ្នាំក្រោយ

យោងតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ នៅពាក់កណ្ដាលឆ្នាំក្រោយ ខណៈបច្នុប្បន្នមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។

លោកជំទាវ បានបន្ថែមថា មកទល់ពេលនេះមានបេក្ខភាពវ៉ាក់សាំងប្រមាណ ៩ប្រភេទ ដែលអង្គការសុខភាពពិភពលោកកំពុងសិក្សាពិសោធន៍ និងពិនិត្យបន្ថែមលើគុណភាព និងវឌ្ឍនភាពខុសគ្នារបស់វា  ខណៈដែលបច្នុប្បន្នមិនទាន់មានការប្រកាសជាផ្លូវការថា វ៉ាក់សាំងប្រភេទណាត្រូវបានអនុម័តប្រើប្រាស់នៅឡើយទេ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា​ «តាមការប៉ាន់ស្មានរបស់អ្នកបច្ចេកទេសអង្គការសុភាពពិភពលោកថា ក្នុងរង្វង់ប្រហែលជាពាក់កណ្តាលឆ្នាំ២០២១ វ៉ាក់សាំងក្នុងចំណោម ៨ ឬ ៩ប្រភេទនោះ អាចនឹងមានវ៉ាក់សាំងមួយចំនួនយកមកប្រើប្រាស់បាន។ ប៉ុន្តែ តម្រូវឲ្យមានការរក្សាទុកខុសៗគ្នា ដោយក្រុមហ៊ុនខ្លះតម្រូវឱ្យមានការរក្សាទុកចន្លោះដក ៤០ រហូតដល់ដក ៦០អង្សាសេ ហើយវ៉ាក់សាំងខ្លះទៀត តម្រូវឱ្យបូក ៤ ឬ ៥អង្សាសេ។

សូមជម្រាបថា ប្រសិនបើវ៉ាក់សាំងការពារវីរុសកូវីដ១៩ នេះ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នោះកម្ពុជានឹងអាចទទួលបានវ៉ាក់សាំង ៣%នៃប្រជាជនសរុប ស្មើនឹងប្រមាណ ៣លាននាក់ ហើយអ្នកដែលត្រូវបានប្រើប្រាស់មុនគេគឺ ក្រុមគ្រូពេទ្យជួរមុខ និងកងកម្លាំងដែលប្រឈមមុខខ្លាំងជាមួយវីរុស។

អត្ថបទដោយ៖ Nevin

Related Articles