
ដោយ៖ WE TV Cambodia
ភ្នំពេញ៖ ទឹកប្រាក់ប្រមាណជា ៣លានដុល្លារនឹងគ្រោងចំណាយសម្រាប់ការផ្លាស់ប្ដូរស្លាកលេខរថយន្តចាស់ៗដែលគ្មាន QRកូដ ក្រោមការស្នើរសុំពីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនពីរាជរដ្ឋាភិបាលសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។
កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ក្នុងឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថា៖«ក្រសួង សាធារណការ និងដឹកជញ្ជូនបានធ្វើលិខិតមួយផ្ញើជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីស្នើសុំថវិកាប្រមាណ ៣លានដុល្លារ សម្រាប់ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខឡានចាស់គ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ»។
ចំណាត់ការនេះបានដាក់ចេញឡើងដោយសារតែពេលថ្មីៗនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានរកឃើញ និងចាប់បានទីតាំងធ្វើស្លាកលេខក្លែងក្លាយចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល, លេខខ.ម, លេខកងរាជអាវុធហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។
ជាមួយគ្នានេះឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ពេលមកដូរយកស្លាកលេខថ្មី ដែលមាន QR កូដនោះ ត្រូវធ្វើបច្ចុប្បន្នភាព អាសយដ្ឋាន ផ្ទះលេខ និងទីកន្លែងរស់នៅរាជធានី ឬខេត្ដណា ដោយត្រូវធ្វើជាថ្មីឡើងវិញ និងកាត់ឈ្មោះឲ្យទៅម្ចាស់ដោយមិនគិតថ្លៃនោះទេ៕
