ដោយ៖ពេជ្រ
ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យអនុវត្តវិធានការមួយចំនួន។
នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ត្រូវ រក្សាកន្លែងផ្ដល់សសេវាដល់អតិថិជនឲ្យបានស្អាតជានិច្ច ជាពិសេសនៅកន្លែងសំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ បង្គន់អនាម័យជាដើម។
មិនតែប៉ុណ្ណោះ ត្រូវត្រួតពិនិត្យសុខភាពអ្នកបើកបរ និងបុគ្គលិកបម្រើសេវាជាប្រចាំ និងតម្រូវឲ្យពាក់ម៉ាសក្នុងពេលបំពេញការងារ។ ក្រៅពីនេះ ត្រូវវាស់កម្ដៅអ្នកដំណើរ និងប្រើទឹកអាល់កុលសម្រាប់លាងដៃ មុនអនុញ្ញាតឲ្យឡើងរថយន្ត។
ក្រសួងសាធារណការ បន្ថែមទៀតថា ករណីពិនិត្យឃើញអ្នកដំណើរមានកម្ដៅលើសពី ៣៧,២ អង្សាសរ មានក្អក ឬឈឺបំពង់ក ឬមានបញ្ហាក្នុងការដកដង្ហើម មិនត្រូវអនុញ្ញាតឲ្យជិះរថយន្តឡើយ និងត្រូវបញ្ចូនទៅមណ្ឌលសុខភាព ឬរាយការណ៍ទៅ១១៥ តាមដែលអាចធ្វើទៅបាន៕