យោងតាមការចុះផ្សាយលើផេកហ្វេសប៊ុកផ្លូវការរបស់ ក្រសួងរ៉ែ និងថាមពល បានចុះផ្សាយអំពីព័ត៌មានបញ្ជាក់បន្ថែមទាក់ទង នឹងការស្វែងរកឃើញ អណ្ដូងរ៉ែនៅខេត្ដ មណ្ឌលគីរី។ សេចក្ដីព័ត៌មានបានបញ្ជាក់ថា៖
ក្រសួងរ៉ែ និងថាមពល ចេញព័ត៌មានបញ្ជាក់បន្ថែម ស្ដីអំពី បរិមាណថ្មរ៉ែ និងបរិមាណផលិតផលលោហៈមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី”
បន្ទាប់ពីបានធ្វើបទបង្ហាញដោយសង្ខេបអំពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល” កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រីរួចមក ក្រសួងរ៉ែនិងថាមពលបានសង្កេតឃើញមានការលើកឡើងនូវមតិ និងការចេញផ្សាយរបស់សារព័ត៌មានមួយចំនួនដែលមានការយល់ច្រឡំរវាងបរិមាណថ្មរ៉ែ ជាមួយនឹងបរិមាណផលិតផលលោហៈមាស ដែលនឹងត្រូវធ្វើការអភិវឌ្ឍនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជាថ្មីម្តងទៀតក្រសួងរ៉ែនិងថាមពលសូមជម្រាបបញ្ជាក់ជូនដូចខាងក្រោម ៖
បន្ទាប់ពីបានធ្វើការរកឃើញជម្រករ៉ែដែលមានសក្តានុពលសម្រាប់សេដ្ឋកិច្ច ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត RENAISSANCE MINERALS (CAMBODIA) LIMITED) ជាក្រុមហ៊ុនសញ្ជាតិអូស្ត្រាលី បានស្នើសុំធ្វើអាជីវកម្មរ៉ែមាសលើផ្ទៃដីទំហំ ១ ១៥០ (មួយពាន់មួយរយហាសិប) ហិកតា នៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាផ្នែកមួយនៃតំបន់សម្បទានសិក្សាស្វែងរុករករ៉ែ ដោយភ្ជាប់ជាមួយសំណើសុំអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ។ ក្រុមហ៊ុន បានផ្តល់ជូនក្រសួងនូវរបាយការណ៍ នៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
ក. លទ្ធផលនៃការសិក្សាស្រាវជ្រាវរ៉ែមាស៖
• បរិមាណថ្មរ៉ែដែលបានរកឃើញ ដែលនឹងត្រូវជីកយកចំនួន ១១ ៦០០ ០០០ តោន( ដប់មួយលានប្រាំមួយសែន)
• អត្រាលោហៈមាសជាមធ្យម(Cut of grade)នៅក្នុងថ្មរ៉ែស្មើនឹង ២,២២ក្រាម/តោន(ពីរក្បៀសម្ភៃពីរ)
• បរិមាណផលិតផលលោហៈមាសដែលអាចទាញយកបានមានចំនួន ២២ ០៣៦,១៩ (ម្ភៃពីរពាន់ សូន្យរយ សាមសិបប្រាំមួយក្បៀសដប់ប្រាំបួន) គីឡូក្រាម ឬស្មើនឹង ៧០៨ ៤៧៩,៤៣២ (ប្រាំពីររយប្រាំបីពាន់ បួនរយចិតសិបប្រាំបួន ក្បៀសបួនរយសាមសិបពីរ) អោនស៍
ខ. គម្រោងធ្វើអាជីវកម្មរ៉ែមាស៖
• បរិមាណថ្មរ៉ែគ្រោងជីកជាមធ្យមចំនួន ១ ៥០០ ០០០ (មួយលានប្រាំរយពាន់) តោនក្នុង១ឆ្នាំ
• បរិមាណផលិតផលលោហៈមាសដែលនឹងទទួលបានជាមធ្យម ២ ៨៤៥,៩៦ (ពីរពាន់ប្រាំបីរយសែសិបប្រាំ ក្បៀស កៅសិបប្រាំមួយ) គីឡូក្រាម ឬស្មើនឹង ៩១ ៤៩៩,៦៧០៥ (កៅសិបមួយពាន់ បួនរយកៅសិបប្រាំបួន ក្បៀសប្រាំមួយពាន់ប្រាំពីរយប្រាំ) អោនស៍ ក្នុងមួយឆ្នាំ
• អាយុកាលនៃការធ្វើអាជីវកម្មរ៉ែមាសមានចំនួនសរុប ៨ (ប្រាំបី) ឆ្នាំ
**ចំណាំ ១ អោនស៍ ស្មើនឹង ០,០៣១១០៣៥ គីឡូក្រាម
គម្រោងមួយនេះរាជរដ្ឋាភិបាល បានចាត់តាំងក្រុមការងារចចារមួយដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ដើម្បីពិនិត្យនិងចចារលើកិច្ចព្រមព្រៀង វិនិយោគទុនធនធានរ៉ែ ជាមួយក្រុមហ៊ុនសម្រាប់ការ ធ្វើអាជីវកម្មធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយបានបញ្ចប់ការចចារ និងធ្វើការចុះកិច្ចព្រមព្រៀង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
ដោយ៖ Stince
ប្រភព៖ ក្រសួង រ៉ែ និងថាមពល
