We TV Cambodia

ក្រសួងមហាផ្ទៃ ព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្រសួងមហាផ្ទៃ ព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សា ពិនិត្យ រៀបចំខ្លឹមសារ បច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយនិងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍។ នេះបើតាមក្រសួងមហាផ្ទៃព្រឹកថ្ងៃ ២៦ សីហា ឆ្នាំ២០២០។

រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ហ៊ុយ វណ្ណៈ បានលើកឡើងថា ការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ត្រូវបានធ្វើឡើងជាជំហានបន្តបន្ទាប់ ហើយសម្រាប់កិច្ចប្រជុំនាព្រឹកនេះគឺធ្វើឡើងដើម្បីសិក្សាអំពីបច្ចុប្បន្នភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម បានបន្តថា ការរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល គឺចាប់ផ្ដើមតាំងពីឆ្នាំ២០០៣ ប៉ុន្តែការសិក្សា និងរៀបចំអាចមានភាពយឺតយ៉ាវ ដោយសារមានបញ្ហាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សជាដើម។

ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃ ក៏បានផ្តោតសំខាន់លើគម្រោងជាអាទិភាពចំនួន៤ ដើម្បីឲ្យស្របទៅតាមតម្រូវការបច្ចុប្បន្នរបស់សង្គម ក្នុងនោះរួមមាន៖ ទី១ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ, ទី២ ការងារចុះបញ្ចីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក, ទី៣ ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ និងទី៤ ការផ្តល់សេវារដ្ឋាបាលថ្នាក់ក្រោមជាតិ តាមការិយាល័យច្រកចេញចូលតែមួយ។

សូមជម្រាបជូនថា រដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងជួររាជរដ្ឋាភិបាលដើម្បីបង្កើនប្រសិទ្ធភាពការងារ ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងជំរុញការចូលរួមពីប្រជាពលរដ្ឋ៕

 

Related Articles