We TV Cambodia

ក្រសួងពាណិជ្ជកម្មថៃបានព្រមានទៅដល់អ្នកដំឡើងថ្លៃម៉ាសសាជាថ្មី

ក្រសួងពាណិជ្ជកម្មថៃបានព្រមានទៅដល់អ្នកដំឡើងថ្លៃម៉ាសសាជាថ្មី

លោក Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ប្រភព៖ Google)

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មថៃបានព្រមានថា អាជីវករដែលលក់ម៉ាសក្នុងតម្លៃខ្ពស់ជាង ២,៥បាត ប្រឈមនឹងការពិន័យជាប្រាក់ ១០ម៉ឺនបាត ឬឈានដល់ការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មានក្នុងស្រុកថៃ Bangkok Post។

លោក Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានយល់ព្រមលើការដំឡើងតម្លៃម៉ាស ២,៥ បាតទៅដល់អ្នកផលិតក្នុងស្រុកដែលប្រកាសដោយគណៈកម្មាធិការកណ្តាលស្តីពីតម្លៃទំនិញ និងសេវាកម្ម។ លោកបាននិយាយថា «ចាប់ពីថ្ងៃចន្ទម៉ាសទាំងអស់ត្រូវតែលក់ក្នុងតម្លៃ ២,៥ បាតក្នុងមួយម៉ាស ដោយអ្នករំលោភបំពានត្រូវទទួលខុសត្រូវជាប់ពន្ធនាគារ ឬពិន័យជាប្រាក់» ។

រោងចក្រផលិតម៉ាសក្នុងប្រទេសថៃ (ប្រភព៖ Google)

លោកបានបន្ថែមថាអ្នកនាំចូលម៉ាសមុខត្រូវមានកាតព្វកិច្ចប្រកាសថ្លៃដើមនៃការនាំចូលទៅនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង (DIT) ហើយការបន្ថែមតម្លៃលើម៉ាសនាំចូលមិនត្រូវលើសពី ៦០% នៃថ្លៃដើមឡើយ។ កាលពីថ្ងៃទី ២១ ខែកុម្ភះ លោក Jurin បានអនុម័តសេចក្តីប្រកាសមួយដោយគណៈកម្មាធិការរបស់លោកហាមការនាំចេញម៉ាស។ អ្នកផលិត អ្នកចែកចាយ  អ្នកនាំចេញ និងអ្នកនាំចូលទំនិញក្នុងបញ្ជីត្រូវជូនដំណឹងទៅ DIT ពីថ្លៃដើមផលិតកម្ម បរិមាណផលិតកម្ម បរិមាណនាំចេញ – នាំចូល និងទំនិញក្នុងស្តុក។ ការយល់ព្រមជាមុនពីនាយកដ្ឋានគឺចាំបាច់ដើម្បីនាំចេញទំនិញ។

រោងចក្រផលិតម៉ាសក្នុងប្រទេសថៃ (ប្រភព៖ Google)

លោក Jurin បានបន្តថាបច្ចុប្បន្ននេះមានរោងចក្រចំនួន១១ ដែលមានសមត្ថភាពផលិតម៉ាសសរុបចំនួន ១,២ លានម៉ាស។ ម៉ាសទាំងអស់គ្រប់គ្រងដោយមជ្ឈមណ្ឌល DIT ដើម្បីចែកចាយ ដោយមាន ៧០០,០០០ម៉ាសត្រូវប្រគល់ឱ្យក្រសួងសុខាភិបាល មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន និង ៥០០.០០០ម៉ាសផ្សេងទៀតចែកចាយតាមរយៈការលក់រាយផ្សេងៗ។ មិនតែប៉ុណ្ណោះ រថយន្តដឹកទំនិញសរុបចំនួន ១១១ គ្រឿងនឹងត្រូវដាក់ពង្រាយដើម្បីលក់ម៉ាសចំនួន ៣០០,០០០ ម៉ាសក្នុងមួយថ្ងៃនៅទូទាំងប្រទេស។

សកម្មភាពចែកម៉ាសដល់ពលរដ្ឋក្នុងប្រទេសថៃ (ប្រភព៖ Google)

លោក Whichai Phochanakij អគ្គនាយក DIT បាននិយាយថាក្រុមហ៊ុនផលិតបានរាយការណ៍ថាម៉ាសនីមួយៗមានតម្លៃប្រមាណ ៣ ទៅ ៤បាតក្នុងការផលិត ប៉ុន្តែពួកគេត្រូវលក់ម៉ាសនេះទៅឱ្យ DIT ក្នុងតម្លៃ ២បាត ហើយលោកនឹងស្នើឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៅថ្ងៃនេះអនុម័តថវិកាដើម្បីជួយដល់ក្រុមហ៊ុនផលិតទាំងនោះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles