We TV Cambodia

ក្រសួងបរិស្ថានចាត់ទុកការលក់ដីមួយកន្លែងក្នុងស្រុកសំឡូត ជាឧក្រិដ្ឋកម្មហិរញ្ញប្បទានភេរវកម្ម

ក្រសួងបរិស្ថានចាត់ទុកការលក់ដីមួយកន្លែងក្នុងស្រុកសំឡូត ជាឧក្រិដ្ឋកម្មហិរញ្ញប្បទានភេរវកម្ម

កាល​ពី​ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ បញ្ជាក់​ថា​ ការកាន់កាប់​និងឬ​ការ​លក់ដូរ​ដី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី មានទំហំ ៤៩,៦០០ ម៉ែត្រការេ ដែល​មានទីតាំង​នៅ​ក្នុង​ភូមិ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង ថា​ជា​ឧក្រិដ្ឋកម្មហិរញ្ញប្បទានភេរវកម្ម ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់ «ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ។

យោងតាម​ក្រសួង ផ្ទៃ​ដីក្នុង​តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី​ នោះ ត្រូវ​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ (តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត) ដែលត្រូវ​បានកំណត់ដោយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។

ក្រសួងបាន​បន្ថែម​ទៀត​ថា អាស្រ័យ​ទៅ​តាម​ច្បាប់​​ស្តី​ពី​តំបន់ការពារធម្មជាតិ ផ្ទៃ​ដី​ទាំងនោះ​ជា​របស់​រដ្ឋ ដែល​មិន​អនុញ្ញាត​អោយ​នរណា​ម្នាក់​​រុករាន​ទន្ទ្រាន​កាន់​កាប់​ ​លក់​ដូរ​ ឬ​ស្ថិត​នៅ​ក្រោម​ «ការកាន់កាប់ ដោយ​លទ្ធកម្មពិសេស​នៃ​ភោគៈ​» បាន​ឡើយ​។

មួយ​វិញ​ទៀត ក្រសួង​ក៏​បាន​អះអាង​ផងដែរ​ថា មានជនខិលខូចបានទន្ទ្រានកាន់កាប់ខុសច្បាប់ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ​នោះ ហើយ​ពួកគេ​ក៏​បានយកទៅរៀបចំជាដីឡូតិ៍លក់ផង​ដែរ​។

ជាការឆ្លើយតបទៅ​នឹងអំពើរំលោភច្បាប់នេះ ក្រសួង​បរិស្ថាន ដោយ​រួម​សហការជាមួយ​នឹងសាលា​ខេត្តបាត់ដំបង កំពុង​រៀបចំចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ ចំពោះ​ជនទាំងឡាយ​ណា​ដែល​បាន​រំលោភបំពាន​យក​ដីក្នុង​តំបន់​ការពារ​ធម្មជាតិ​នេះ​។ ទន្ទឹម​គ្នា​នេះ​ដែរ ក្រសួង​ក៏​បានប្រកាស​ប្រាប់​សាធារណជន​កុំអោយ​ទិញដី​ខុស​ច្បាប់​ទាំងនោះឡើយ​។

«ក្នុង​ន័យ​នេះ ក្រសួង​បរិស្ថាន​និងសាលាខេត្ត​បាត់ដំបង កំពុង​ចាត់​វិធានការ ចំពោះ​ជនរៀបចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ទំហំ​ផ្ទៃ​ដី​សរុប ៤៩,៦០០ ម៉ែត្រ​ការេ តាម​បញ្ញត្តិ​ច្បាប់នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​ធរមាន និងសូម​អំពាវនាវដល់សាធារណ​ជន​កុំ​ចូល​រួ​មទិញ ឬ​ទទួល​យក​ចំណែក​ដី​ឡូតិ៍​ខាងលើនេះ​ជា​ដាច់ខាត» នេះ​ជា​ការលើកឡើង​របស់​ក្រសួង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​។

លើសពី​នេះ​ទៀត ក្រសួង​ក៏​បានប្រកាស់​ប្រាប់​សាធារណជនអោយ​ពិនិត្យ​ផង​ដែរពីភាព​ស្របច្បាប់​នៃ​ការទិញលក់​ដីឡូតិ៍​នានា ដោយ​ត្រូវ​ពិនិត្យ​ទៅ​លើ ឈ្មោះ​ម្ចាស់​អចលនទ្រព្យក្នុង​វិញ្ញាបនប័ត្រសំគាល់​ម្ខាស់​អចលនទ្រព្យ លិខិត​អនុញ្ញាត​​អភិវឌ្ឍ​ដី​ចេញ​ដោយ​អាជ្ញាធរ ឯកសារបង់ពន្ធ​អចលន​វត្ថុ ប័ណ្ណ​បំបែកក្បាលដី និង ខ្លឹម​សារលំអិត​នៃ​កិច្ច​សន្យា​លក់-ទិញ ៕

ដោយៈ ទិន សុខាវុធ

Related Articles