ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។ នេះបើយោងតាមការប្រកាសសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ មានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។
ក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំស្ថានភាពថយចុះនៃការរីករាលដាលជាសកលនៃវីរុសកូវីដ១៩ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិការអាជីវកម្មចាប់ពី ១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាសនៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុលក្នុងករណីជាយថាហេតុណាមួយ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ)។
គូសបញ្ជាក់ផងដែថា ចាប់តាំងពីជំងឺ COVID-19 បានរីករាលដាលចូលក្នុងប្រទេសកម្ពុជាមក វិស័យទេសចរណ៍ ក៏ដូចសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនត្រូវបានបិទ និងខ្លះទៀតបានប្រកាសផ្អាកជាបណ្ដោះអាសន្នផងដែរ ដោយសារតែគ្មានភ្ញៀវមកស្នាក់នៅ និងពុំអាចរកចំណូលបាន។
អត្ថបទដោយ៖ Nevin