We TV Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ដៃគ្នាជាមួយIRRI ដើម្បីការស្រាវជ្រាវ និងបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវក្នុងប្រព័ន្ឋផលិតកម្មស្បៀង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ដៃគ្នាជាមួយIRRI ដើម្បីការស្រាវជ្រាវ និងបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវក្នុងប្រព័ន្ឋផលិតកម្មស្បៀង

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) ចុះកិច្ចសន្យាសហការ ក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង។ នេះបើតាមទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើការអនុវត្តផែន ការ៤ឆ្នាំ ត្រូវតែពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀតទាំងការងារវិទ្យាសាស្រ្ត បច្ចេកទេស និងផែនការជាយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីឈានទៅសម្រេចគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ក៏ដូចជាគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ។ អ្វីដែលសំខាន់គឺត្រូវគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផលិត គ្រប់គ្រង និងផ្គត់ផ្គង់ពូជស្រូវឱ្យដៃគូផលិត ធ្វើយ៉ាងនេះទើបយើងអាចធានាបានទាំងបរិមាណ និងគុណភាពអង្ករតាមតម្រូវការទីផ្សារ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ជឿជាក់ថា IRRI នឹងនៅតែបន្តជួយដល់ផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើនមួយកម្រិតទៀតរួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ឯកសារផែនការ ៤ឆ្នាំ ដែលបានចុះហត្ថលេខានាពេលនេះ គឺមានសារសំខាន់ក្នុងការបំពេញ និងពង្រឹងបន្ថែមទៅលើចំណុចខ្វះខាតនៃការអនុវត្តបច្ចេកទេស ការងារបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយពូជស្រូវកម្ពុជា ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ លើកកម្ពស់គុណភាពអង្ករ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ឈានទៅសម្រេចគោលនយោបាយនៃការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតដ៏ខ្លី៕

 

Related Articles