We TV Cambodia

ក្រសួងកសិកម្ម៖ វិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរ គឺទាល់តែមានការចូលរួមយ៉ាងសកម្មពីដៃគូឯកជន

ក្រសួងកសិកម្ម៖ វិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរ គឺទាល់តែមានការចូលរួមយ៉ាងសកម្មពីដៃគូឯកជន

ដោយ៖ពេជ្រ

ភ្នំពេញ៖ វិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរ គឺទាល់តែមានការចូលរួមយ៉ាងសកម្មពីដៃគូឯកជន។ នេះជាបើតាមការលើកឡើងរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញនេះ ក្នុងឱកាសចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី «ការទិញ លក់ ចែកចាយផលិតផលកសិកម្ម»។

តាមរយៈនេះដែរ ឯកឧត្តមមានប្រសាសន៍ថា៖ «ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន ប្រាកដបានជួយលើកស្ទួយ វិស័យកសិកម្ម តាមរយៈការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ដែលនឹងជួយបង្កើនតម្លៃបន្ថែម លើកសិផលរក្សានិរន្តរភាពនៃ ការផលិត ការផ្គត់ផ្គង់ និងបន្តចូលរួមបង្កើនចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញ សរុបនៅឆ្នាំ២០២៥ និងជាពិសេសស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣»

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសន្យាផលិតកម្មកសិកម្ម បានជួយជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ចេញពីផលិតផលកសិកម្មដែលកំពុងមានសក្តានុពល ឱ្យបានកាន់តែច្រើនឡើង ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ក្នុងទិសដៅចំបងគឺលើកកម្ពស់ផលិតភាព ផលិតកម្មកសិកម្ម ប្រើប្រាស់វត្ថុធាតុដើម ឱ្យអស់លទ្ធភាពកាត់បន្ថយការនាំចូលផ្តល់ឱកាស ដល់ប្រជាកសិករដែលជាអ្នក ផលិតវត្ថុធាតុដើម និងបង្កើតការងារ។

ជាក់ស្តែង ការប្រើប្រាស់ផលិតផលកសិកម្ម បាននិងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នូវឥរិយាបទផលិតពីការផលិត ដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឱ្យបាន នូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូល រួមធ្វើឱ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវារនុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅ សម្រេចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាឆ្នាំ២០២៣-២០៥០។

លោកបានបញ្ជាក់ផងដែរថា ក្នុងពេលដែលកម្ពុជាកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ និងដើម្បីចូលរួមដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ដំណើរការ របស់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈពង្រឹងបរិយាកាសវិនិយោគឱ្យបានល្អប្រសើរ ដើម្បីស្រូបយកកំលាំងពលកម្ម ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្ម៕

 

ប្រភព៖ហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងកសិកម្ម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *