នាយកដ្ឋានជំនាញរបស់ក្រសួងកសិកម្មនឹងណែនាំពូជស្វាយកែវរមៀតឲ្យប្រជាពលរដ្ឋដាំដុះ ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ងិន ឆាយ បានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងប្រកាសឱ្យកសិករដាំស្វាយកែវរមៀតមួយដែលមានពណ៌ដូចរមៀត ឬជាពណ៌មាសឱ្យមានស្តង់ដារដែលអាចនាំទៅក្រៅប្រទេស ហើយក្រសួងនឹងធ្វើការពង្រឹងការបណ្តុះបណ្តាលការផលិតផ្លែស្វាយនៅក្នុងប្រទេសកម្ពុជា ពិសេសប្រជាកសិករដែលមានបំណងនាំចេញឱ្យបានច្បាស់លាស់ស្របតាមភូគាមអនាម័យ និងបច្ចេកទេសសម្រាប់តម្រូវការទីផ្សាររបស់ប្រទេសចិន និងទីផ្សារអន្តរជាតិផ្សេងទៀត។
ឯកឧត្តមបានបន្តថា ស្វាយកែវរមៀតមានច្រើនប្រភេទ ហើយនាយករដ្ឋានជំនាញកំពុងរៀបចំសម្រិតសម្រាំងដោយយកស្វាយកែវរមៀតមួយដែលមានសាច់ដូចពណ៌មាស ដើម្បីសម្រិតសម្រាំងព្រមទាំងប្រាប់ឱ្យប្រជាពលរដ្ឋដាំតម្រង់ទៅរកពូជនឹង។
មិនតែប៉ុណ្ណោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ត្រូវតែធ្វើឱ្យកម្ពុជាក្លាយជាដីកសិកម្ម មួយដែលគ្រាន់តែគេលឺថាផលិតផលនាំពីប្រទេសកម្ពុជាគេលើកមេដាយគាំទ្រចង់បាន។ យើងត្រូវមានគុណភាពល្អ មានសុវត្ថិភាព និងបរិភោគទៅឆ្ងាញ់។
សូមបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលកសិកម្មរបស់កម្ពុជាជាច្រើនត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេសដែលរួមមាន ស្វាយចន្ទី, ពោត, មៀនប៉ៃលិន, ស្រការនាគ, ដូងក្រអូប, ស្វាយ និងផលិតផលកសិកម្មជាច្រើនផ្សេងទៀត។
អត្ថបទដោយ៖ Nevin