We TV Cambodia

ក្រសួងកសិកម្មគាំទ្រឱ្យ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូ រកពូជកៅស៊ូដែលអាចផ្តល់ផលិតភាពខ្ពស់

ក្រសួងកសិកម្មគាំទ្រឱ្យ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូ រកពូជកៅស៊ូដែលអាចផ្តល់ផលិតភាពខ្ពស់

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងកសិកម្មគាំទ្រឱ្យ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូ និងក្រុមការងារទាំងអស់ ខិតខំផ្តោតលើការស្រាវជ្រាវពូជកៅស៊ូ ដែលអាចផ្តល់ផលិតភាពខ្ពស់ និងអាចទទួលផលក្នុងរយៈពេលឆាប់។

ថ្លែងក្នុងឱកាសចុះពិនិត្យ និងជួបសំណេះសំណាលការងារជាមួយមន្រ្តីរាជការនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិ៣២ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើទឹកចិត្ត និងជំរុញឱ្យក្រុមការងារខិតខំស្រាវជ្រាវរកពូជកៅស៊ូដែលមានគុណភាពក្នុងការទទួលបានផលខ្ពស់ និងពូជដែលឆាប់ប្រមូលផល។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិទ្យាស្ថានបង្កើនការស្រាវជ្រាវទៅលើបច្ចេកវិទ្យាទំនើបក្នុងការចៀរជ័រកៅស៊ូ ព្រោះថាចំពោះមុខ កំណើនសេដ្ឋកិច្ច ធ្វើឱ្យតម្លៃពលកម្មក្នុងវិស័យកសិកម្មមានការកើនឡើង។

ជាងនេះទៅទៀត  ឯកឧត្តម ក៏បានណែនាំវិទ្យាស្ថាន ចូលរួមសិក្សាស្វែងយល់ពីបញ្ហាដែលខ្វះខាតការទាក់ទាញចំនួននិស្សិត សិក្សាផ្នែកដំណាំកៅស៊ូ ដើម្បីចែករំលែកនូវបច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗ ដល់សាកលវិទ្យាល័យក្នុងការទាក់ទាញសិស្សនិស្សិត។ ដោយឡែកពាក់ព័ន្ធនឹងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យខាងវិទ្យាស្ថាន ខិតខំសហការជាមួយវិស័យឯកជនដែលវិនិយោគលើដំណាំកៅស៊ូ និងសហការជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីចែករំលែកនូវបទពិសោធន៍ និងលទ្ធផលនៃការស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗ៕

 

Related Articles