ដោយៈ ទិន សុខាវុធ
យោងតាមកាសែត «ភ្នំពេញប៉ុស្តិ៍» កាស៊ីណូ NagaWorld ដែលបានទទួលសិទ្ធិផ្តាច់មុខ នៅក្នុងការបើកមុខរបរលេងល្បែងស៊ីសងនៅទីក្រុងភ្នំពេញ បានទទួលប្រាក់ចំណូលសរុបប្រមាណ $1.29 ពាន់លានដុល្លារ ក្នុងរយពេល ៩ ខែ ដើមឆ្នាំនេះ។
តួលេខនេះត្រូវបានកាសែត ភ្នំពេញប៉ុស្តិ៍ អះអាងថាបានមកព្រឹត្តប័ត្រលើបណ្តាញមួយមានឈ្មោះថា « GGRAsia» ដែលជាព្រឹត្តប័ត្រផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបណ្តាកាស៊ីណូទាំងឡាយនៅក្នុងទ្វីបអាស៊ី។ ហើយបើតាមព្រឹត្តប័ត្រនេះ ប្រាក់ចំណូលរបស់ NagaWorld ខាងលើ ត្រូវបានចុះផ្សាយនៅលើផ្សារភាគហ៊ុនរបស់ក្រុងហុងកុង។
បើតាម NagaWorld ប្រាក់ចំណូលដ៏សណ្ធឹកសណ្ធាប់នេះ បានមកដោយសារស្ថេរភាពនយោបាយនៅកម្ពុជា ដែលជាប្រការបង្កើតអោយមាននូវបរិបទអំណោយផល ដល់ការរីកចំរើននៃវង់ល្បែងនិងសណ្ឋាគារទី ២ របស់ NagaWorld (Naga 2) ។
មួយវិញទៀត ស្ថេរភាពនយោបាយក៏ជាកត្តាអំណោយផល ដល់វិស័យទេសចរណ៍ ដែលបាននាំមកនូវភ្ញៀវប្រភេទ «VIP» (Very Important Person) ជាច្រើននាក់ចូលលេងល្បែងនៅកាស៊ីណូ NagaWorld នៅក្នុងរយពេល ៩ ខែ ដើមឆ្នាំនេះ។ ហើយក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងនោះ ភ្ញៀវចំនួន ១.៥ លាននាក់ មកពីប្រទេសចិន។
ជាលទ្ធផល NagaWorld បានអោយដឹងថា គំរោងអគារវង់ល្បែងទី ៣ (Naga 3) នឹងត្រូវសង់ឡើងនៅក្នុងតំបន់អតីត «អគារបូឌីញស» ។ ហើយនៅពេលបច្ចុប្បនេះ NagaWorld កំពុងសំលឹងរកមើលក្រុមហ៊ុនសាងសង់ណាមួយ ដែលពួកគេទុកចិត្ត សំរាប់សាងសង់អគារវង់ល្បែងទី ៣ នេះ៕