
ដោយ៖ស្រីពេជ្រ
គ្រាន់តែ២០២០ ឈានចូលមកដល់ភ្លាមសណ្ឋាគារ ដែលមានវ័យចំណាស់ និងមានឈ្មោះល្បីរាប់សិបឆ្នាំបានប្រកាសផ្អាកដំណើរការជាបន្តគ្នា។
ក្នុងនោះគឺមានសណ្ឋាគារ អប្សរាអង្គរដែលបានបើកដំណើរការអស់រយៈពេលជិត១៨ឆ្នាំ ហើយធ្លាប់មានមោទនភាពក្នុងការលើកស្ទួយវិស័យទេសចរណ៍ឱ្យមានកំណើន និងធ្លាប់បានទទួលរៀបចំកិច្ចប្រជុំធំៗជាច្រើន ហើយក៏ធ្លាប់ទទួលពាន់រង្វាន់ ASEAN Green Hotel Standard ពីរដង និងជាសណ្ឋាគារឆ្នើមទទួលពានរង្វាន់ សណ្ឋាគារគ្មានផ្សែងបារី។
ដោយកាលពីពេលថ្មីៗនេះមានដំណឹងគួរឱ្យសោកស្ដាយមួយគឺ សណ្ឋាគារអប្សរាអង្គរនឹងធ្វើការបិទទ្វារផ្អាកអាជីវកម្មចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមសារនៃការបង្ហោះផ្សាយរបស់អ្នកគ្រប់គ្រងនៅសណ្ឋាគារ។
ចំណែកឯ សណ្ឋាគារផ្កាយ៥នៅភ្នំពេញ ដែលធ្លាប់មានឈ្មោះថា Inter-continental Hotel ដែលជាសណ្ឋាគារមួយទទួលមេដឹកនាំធំៗជាច្រើនរូបនិងប្រារព្ធពិធីធំៗជាយ៉ាងច្រើនអនេក អស់រយៈពេល២៣ឆ្នាំកន្លងមកនេះ ទីបំផុតត្រូវបានបាត់ឈ្មោះ និងបិទទ្វារទៅហើយ ដោយយោងតាមការប្រកាសកាលពីថ្ងៃទី៣១ ថ្មីៗនេះ។
ដោយសារមូលហេតុសេដ្ឋកិច្ច អតីតសណ្ឋាគារInter-Continental Hotel បច្ចុប្បន្ន សណ្ឋាគារ Great Duke ត្រូវបានបិទទ្វារដែលជាបញ្ហាចោទសម្រាប់បុគ្គលិកប្រឈមនឹងការមិនមានការងារធ្វើជាច្រើនរយនាក់។
ការប្រកាសបិទទ្វារនៃសណ្ឋាគារ អប្សរាអង្គរ និង សណ្ឋាគារ Th Great Duke Phnom Penh គឺជាការសោកស្ដាយមួយ ព្រោះសណ្ឋគារទាំងនេះ បានចូលរួមលើកស្ទួយអភិវឌ្ឍជាតិតាមរូបភាពជាច្រើន ជាពិសេសគឺបានផ្ដល់ការងារជាច្រើនដល់ពលរដ្ឋខ្មែរ តែមិននឹកស្មានថាពេលនេះសណ្ឋគារទាំងពីរនេះបានបិទទ្វារដូច្នេះសោះ៕
