យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ផលិតកម្មសត្វ ដោយមិនចាំបាច់នាំចូលពីបរទេសដូចកាលពីពេលកន្លងទៅទៀតឡើយ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២០ នេះ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់សត្វដូចខាងក្រោម៖
1) ការចិញ្ចឹមគោ និងក្របី៖ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៩០ ៧១៦តោន ឬប្រមាណ ៨២៤ ៦៨៨ក្បាល ដែលនាំយកមកពីកសិដ្ឋានចំនួន ៣៧កន្លែង ឬស្មើប្រមាណ ១០ ០៩៥ក្បាល និងនៅតាមកសិករចិញ្ចឹម ៣ ២១៧ ០៦២ក្បាល ។
2) ការចិញ្ចឹមជ្រូក៖ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ១០៥ ៨៧០តោន ឬប្រមាណ ២ ១១៧ ០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៥៣០កន្លែង ឬស្មើនឹងប្រមាណ ១ ១៥៥ ៤៣១ក្បាល និងមកពីកសិករចិញ្ចឹម ១ ០៣០ ៤៩៤ក្បាល ។
3) ការចិញ្ចឹមបក្សី៖ លទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៤៩ ០៦៧តោន ឬស្មើនឹងប្រមាណ ៤០ ៨៨៩ ០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៨២៤កន្លែង ឬស្មើប្រមាណ ១២ ៦៣១ ៩៧៤ក្បាល ដែលនាំមកពីកសិករចិញ្ចឹម ២៧ ៧៦៣ ៤៧៩ក្បាល ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមសត្វរបស់កម្ពុជា ក៏ក្រសួងនៅតែពិនិត្យឃើញថា នៅមានជនខិលខូចមួយចំនួន នៅតែបន្តលួចនាំចូលសត្វខុសច្បាប់ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ដែលបានដឹកកូនជ្រូកចំនួន៤០ក្បាល ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វពីក្រសួង។
អត្ថបទដោយ៖ Nevin