We TV Cambodia

ក្នុងឆ្នាំ២០២០អន្ទាក់ប្រមាណ៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ

ក្នុងឆ្នាំ២០២០អន្ទាក់ប្រមាណ៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ

ដោយ៖ពេជ្រ

មណ្ឌលគីរី៖ នៅក្នុងឆ្នាំ២០២០ ក្រសួងបរិស្ថាននិងអង្គការអភិរក្សបានឱ្យដឹងថាអន្ទាក់ជាច្រើនត្រូវបានគេដោះចេញពីតំបន់ការធម្មជាតិ មានអន្ទាក់គ្រប់ប្រភេទសរុបមានចំនួនប្រមាណ៥ម៉ឺនអន្ទាក់ ខណៈអន្ទាក់ចំនួនជាង៤ម៉ឺនត្រូវបានដោះចេញ នៅឆ្នាំ ២០១៩កន្លងទៅ។

បើតាមឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន​ បានបញ្ជាក់ឱ្យដឹងថា ៖«ក្នុងមួយឆ្នាំៗយ៉ាងហោចណាស់អន្ទាក់ចំនួន៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិរបស់យើង។ អន្ទាក់ គឺជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ ហើយអន្ទាក់ជាច្រើនត្រូវបានក្រុមជនល្មើសបានប្រើដាក់បង្កប់ក្នុងព្រៃដែលអាចសម្លាប់សត្វគ្រប់ពេលវេលា។អន្ទាក់ប្រភេទខ្លះមិនត្រឹមគ្រោះថ្នាក់សត្វព្រៃទេប៉ុន្តែវាក៏នៅបង្កគ្រោះថា្នក់ដល់ព្រានព្រៃខ្លួនឯងផង»។

បើតាមលោកនាយកអង្គការ WWF បានឱ្យដឹងថានាពេលបច្ចុប្បន្នមានអន្ទាក់ចំនួន៥ប្រភេទ ដែលជនល្មើសតែងបានប្រើប្រាស់សម្រាប់ចាប់សត្វរៀងរាល់ថ្ងៃ ដោយនៅតែបង្កគ្រោះថ្នាក់និងគំរាមកំហែងដល់សត្វព្រៃដែលជាសត្វកម្រនៅកម្ពុជាក៏ដូចជាប្រភេទពូជសត្វជិតផុតពូជនៅលើពិភពលោកយើងនេះ។

ដោយឡែកលោក កែវ សុភគ៌ ប្រធានមន្ទីរខេត្តមណ្ឌលគិរីបានឱ្យដឹងថា ក្រុមជនល្មើសតែងរាយអន្ទាក់របស់ពួកគេតាមតាមតំបន់មាត់ទឹកនិងកន្លែងផ្លូវរបស់សត្វដើរ ហើយពួកគេបានសម្លាប់សត្វព្រៃទាំងនេះដើម្បីជួញដូរក៏ដូចជាធ្វើម្ហូបអាហារប្រចាំគ្រួសាររបស់ពួកគេ។

គួរបញ្ជាក់ថាបើតាមរបាយការណ៍របស់អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)បានឱ្យដឹងថា នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច និង ដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរីដែល ដែនជម្រកសត្វព្រៃទាំង ពីរនេះជាតំបន់ការពារធម្មជាតិ ក្នុងចំណោមតំបន់ការពារផ្សេងទៀតនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគ ខាងកើត ដោយគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៧,៤៦០ គ.ម។ ដែនជម្រក សត្វព្រៃទាំងពីរនេះជាទីជម្រករបស់សត្វដែលកំពុងទទួលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រាប់បញ្ចូលទាំង ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ រួមមានដូចជា សត្វទន្សោង សត្វដំរីអាស៊ី សត្វក្រពើភ្នំ ដែលមានចំនួនសេសសល់ចុងក្រោយនៅក្នុងប្រទេស សត្វខ្លារខិន ដែលជាចំនួននៅសេសសល់ចុងក្រោយសម្រាប់តំបន់ឥណ្ឌូចិន និងពពួកសត្វស្លាប ដូចជាសត្វត្រយ៉ង សត្វត្មាត និងសត្វក្ងោកបៃតង ព្រមទាំងសត្វព្រៃសំខាន់ៗផ្សេងទៀតរាប់បញ្ចូលទាំងសត្វរមាំង សត្វ ខ្ទីង សត្វឈ្លូស សត្វប្រើស និងពពួកសត្វស្វាជាដើម៕

ប្រភព៖ក្រសួងបរិស្ថាន

Related Articles