យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៤ ខែធ្នូនេះ បានឲ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ចំនួន ៤នាក់បន្ថែមទៀត ដោយក្នុងនោះមានម្នាក់ជាកុមារអាយុត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។
ក្នុងចំណោមអ្នកឆ្លងទាំង ៤នាក់នេះ មាន ៣នាក់ជាអ្នករស់នៅបុរី លឹម ឈាងហាក់ ក្នុងសង្កាត់វាលស្បូវ ដែលម្នាក់ជាកុមារអាយុ ៣ឆ្នាំ និង ២នាក់ទៀតត្រូវជាឳពុកម្ដាយរបស់កុមាររូបនេះ។ ដោយឡែកចំពោះអ្នកឆ្លងម្នាក់ទៀត ជាបុរសអាយុ ២២ឆ្នាំ ដែលត្រូវជាបុគ្គលិកបម្រើការនៅហាង Pedro សាខាផ្លូវព្រះសីហនុ និងមានទីលំនៅស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សូមជម្រាបថា គិតមកទល់ថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ៣៣៥នាក់ហើយ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៣០៤នាក់។
អត្ថបទដោយ៖ Nevin
