រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថានភាពកូវីដ១៩ នៅកម្ពុជាហាក់មានភាពស្ងប់ស្ងាត់ បន្ទាប់ពីគ្មានអ្នកវិជ្ជមានថ្មី ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពោលគឺមានតែម្សិលមិញមួយករណីប៉ុណ្ណោះ ហើយករណីនោះគឺឃើញវិជ្ជមានបន្ទាប់ពីធ្វតេស្តលើកទី៣ មានន័យថាអ្នកជំងឺនោះមិនបានចម្លងទៅកាន់អ្នកថ្មីនោះទេ។
ការស្ងប់ស្ងាត់អ្នកឆ្លងប៉ុន្មានថ្ងៃនេះ គឺកំពុងបង្ហាញពីសញ្ញាណវិជ្ជមានក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទោះបីត្រូវចំណាយពេល ១ខែ ឬលើសពីនេះក៏ដោយ ប៉ុន្តែឲ្យតែមិនមានការឆ្លងថ្មី នោះក្ដីសង្ឃឹមនៃការបិទបញ្ចប់ព្រឹត្តិការណ៍នេះនឹងកាន់តែមានខ្ពស់ឡើងៗ។
លើសពីនេះ បើក្នុងរយៈពេល ១សប្ដាហ៍ ឬ ២សប្ដាហ៍ទៀត កម្ពុជានៅបន្តគ្មានអ្នកវិជ្ជមានដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកាទៀតនោះ គឺច្បាស់ណាស់ថាយើងនឹងអាចគ្រប់គ្រងសភាពការណ៍បាន ហើយគ្រប់យ៉ាងនឹងត្រឡប់មកដូចដើមវិញផងដែរ។
ទោះយ៉ាងណា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាចបិទបញ្ចប់ទៅបាន គឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ដោយត្រូវពាក់ម៉ាស និងលាងអាល់កុលគ្រប់ពេល ពិសេសត្រូវផ្អាកការជួបជុំ និងផ្អាកការចេញទៅក្រៅផងដែរ ដើម្បីឲ្យព្រឹត្តិការណ៍នេះបញ្ចប់ទៅបានរហ័ស។
អត្ថបទដោយ៖ Nevin
