ថ្វីត្បិតថាមកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ណាមួយ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនបានប្រកាសរួចមកហើយថាខ្លួនផលិតបានវ៉ាក់សាំងដែលមានប្រសិទ្ធិភាពរហូតដល់ជាង ៩០% ឯណោះ។
ជាមួយគ្នានេះ ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក, រុស្ស៊ី, អង់គ្លេស, ស្វីស, អាឡឺម៉ង់ជាដើម បាននិងកំពុងត្រៀមចាប់ផ្ដើមចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ខ្លួនជាបណ្ដើរៗទៅហើយ ទោះបីវ៉ាក់សាំងទាំងនោះមិនទាន់មានប្រសិទ្ធិភាព១០០% និងមិនទាន់ទទួលបានការប្រកាសឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោកក៏ដោយ។
បើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្រៅស្រុកជាច្រើនបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានសម្រេចផ្តល់វ៉ាក់សាំង Sputnik V របស់ខ្លួនសម្រាប់ការប្រើប្រាស់លើពលរដ្ឋដល់មន្ទីរពេទ្យនៅភាគខាងត្បូងនៃទីក្រុងម៉ូស្គូហើយកាលពីសប្ដាហ៍មុន។
ដោយឡែក ប្រទេសអង់គ្លេសឯណោះវិញ ក៏បានអនុម័តចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer/BioNTech សម្រាប់ប្រជាជនរបស់ខ្លួនដែរនៅក្នុងសប្ដាហ៍នេះ ហើយចំនួនវ៉ាក់សាំងដែលអង់គ្លេសទទួលបានពីក្រុមហ៊ុន Pfizer/BioNTech មានរហូតដល់ ៨០ម៉ឺនដូសឯណោះ។
សូមជម្រាបថា គិតមកទល់ពេលនេះអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ជាង ៦៤លាននាក់ហើយ ចំណែកអ្នកស្លាប់បានកើនដល់ ១,៥លាននាក់ឯណោះ។
អត្ថបទដោយ៖ Nevin
