ដោយ៖ពេជ្រ

ក្នុងឆ្នាំ២០១៩ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឲ្យវិស័យសំណង់ក្នុងខេត្ត មានសន្ទុះរីកចម្រើន និងមានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក្រុង ស្រុក បានចេញលិខិតអនុញ្ញាតសាងសង់ បានចំនួន ២៣៨គម្រោង ដែលមានផ្ទៃក្រឡាសរុប៩០.២៩៩ម៉ែត្រការ៉េ, ទុនវិនិយោគសរុប ៣១៨៧៣០០ដុល្លារអាមេរិក បើប្រៀបធៀប ទៅនឹង ឆ្នាំ២០១៨ មានកំណើន៨០% ដោយមានត្រឹមតែ ១៤២ គម្រោង មានផ្ទៃក្រឡា សរុប ៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ ១៧.៧២២.៥៨៦ ដុល្លារអាមេរិកតែប៉ុណ្ណោះ។
លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ បានថ្លែងថា បច្ចុប្បន្នកម្ពុជាយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ដោយឡែក ក្នុងវិស័យសំណង់ ទុនវិនិយោគមានកំណើនជាទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់។ ជាពិសេសការសាងសង់សំណង់ធំៗ ខ្ពស់ៗ ដែលសន្ទុះនៃការរីកចម្រើន របស់វិស័យសំណង់នេះ បានទាមទារតម្រូវការ នៃការពង្រឹងការគ្រប់គ្រង រាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ រួមជាមួយអ្នកពាក់ព័ន្ធជុំវិញការងារ សំណង់កាន់តែមានភាពចាំបាច់ជាសាវ័ន្ត។
ព្រោះសំណង់កាន់តែធំ កាន់តែខ្ពស់ នឹងកាន់តែស្មុគស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវ តាមបទដ្ឋានគតិយុត្តបច្ចេកវិទ្យាស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភ័ណភាព និងចីរភាពនៃសំណង់ រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល( digital) ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហ៍កម្មទី៤ផង និងដើម្បីលើកតម្កើងអត្តសញ្ញាណជាតិ និងសុខដុមរមនានៅក្នុងសង្គមផង៕
