We TV Cambodia

«កំពង់ស្ពឺ»ជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត

«កំពង់ស្ពឺ»ជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត

ដោយ៖​ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ «កំពង់ស្ពឺ»គឺជាខេត្តមួយមានសក្តានុពលខ្ពស់លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ទាំងជាលក្ខណ:គ្រួសារ និងជាលក្ខណ:ឧស្សាហកម្ម។ បច្ចុប្បន្ន ផលិតកម្មទាំងបីនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឲ្យដឹងថានៅទូទាំងខេត្តមាន ជ្រូកសរុបចំនួន ២៣២ ៤៤៣ ក្បាល មាន់សរុបចំនួន ៣ ៣១៥ ៤៩៣ ក្បាល។

ដោយឡែកនៅទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ៤៩៥កន្លែង ក្នុងនោះមាន កសិដ្ឋានចិញ្ចឹមជ្រូកសាច់មានចំនួន ២២២ មានជ្រូកសរុបចំនួន ១៨៥ ៥២៣ ក្បាល  កសិដ្ឋានចិញ្ចឹមជ្រូកពូជមានចំនួន ៤៥ មានជ្រូកមេពូជសរុបចំនួន ៤៨ ៨៩២ ក្បាល កសិដ្ឋានចិញ្ចឹមមាន់យកសាច់មានចំនួន២១៤ មានមាន់សរុបចំនួន ២ ១១២ ៦០០ក្បាល និង កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមានចំនួន ១០ មានមាន់ចំនួន ១៩៣ ៣០០ ក្បាល។

សូមជម្រាបជូនថា កសិដ្ឋានជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ភាគច្រើនសុទ្ធតែជារបស់ក្រុមហ៊ុននាំមុខ គេផ្នែកផលិតកម្មចិញ្ចឹមសត្វ និងផលិតចំណីសត្វទាំងក្នុង និងក្រៅស្រុក និងរបស់ប្រជាកសិករដែលសហការចិញ្ចឹមតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនធំៗទាំងនោះ។

ទន្ទឹមនិងនេះ  ក្រៅពីផលិតកម្មចិញ្ចឹមជ្រូកសាច់ ជ្រូកពូជ មាន់យកសាច់ និងមាន់យកស៊ុត ខេត្តក៏មានកសិដ្ឋានចិញ្ចឹមគោ និងចិញ្ចឹមទាផងដែរ។ បច្ចុប្បន្ន ខេត្តមានគោសរុបចំនួន ២៥៣ ៨៣៤ ក្បាល និងទាមានចំនួន ១០ ៩៨៦ ក្បាល ហើយស្រុកដែលឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វគឺស្រុកគងពិសី សំរោងទង ឪរ៉ាល់ ឧត្តុង ច្បារមន និងស្រុកថ្ពង៕

Related Articles