We TV Cambodia

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងបន្តការអភិវឌ្ឈ និងពង្រីកមាត់ច្រកសេដ្ឋកិច្ចកម្ពុជា

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងបន្តការអភិវឌ្ឈ និងពង្រីកមាត់ច្រកសេដ្ឋកិច្ចកម្ពុជា
កំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ cpp)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងតែបន្តការអភិវឌ្ឍ និងពង្រីកមាត់ច្រកសេដ្ឋកិច្ចកម្ពុជាទៅមុខជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ផ្លូវទឹករបស់កម្ពុជា និងជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យទៅមុខបន្តទៀត។

នាវាចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas.gov)

លោក ថៃ ឫទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នាវាដែលចេញចូលនៅទីនេះ គឺនៅតែជានាវាខ្នាតតូចនៅឡើយ ប៉ុន្តែដើម្បីធ្វើឲ្យកំពង់ផែក្លាយជាមាត់ច្រកនៃការអភិវឌ្ឈរបស់ប្រទេស និងជាមាត់ច្រកនៃសេដ្ឋកិច្ចដោយឯករាជ្យដែលភ្ជាប់កម្ពុជាទៅបណ្តាប្រទេសនានា ថ្នាក់ដឹកនាំដែលជាអាណាព្យាបាលកំពង់ផែ និងថ្នាក់ដឹកនាំកំពង់ផែផ្ទាល់បានគិតអំពីការអភិវឌ្ឈកំពង់ផែនេះជាបន្តបន្ទាប់។

នាវាចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas.gov)

លោកបន្តថា ដំណាក់កាលសិក្សាប្លង់លំអិតត្រូវបានបញ្ចប់ ហើយពេលនេះកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសអ្នកសាងសង់ ដែលនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២១ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៤ ដោយរំពឹងថានឹងទទួលបានផែប្រវែង ៣៥០ម ដែលមានជម្រៅទឹក ១៤,៥០ម ដូច្នេះនាវាដឹកកុងតឺន័រដែលមានជម្រៅទឹក ១៣ម អាចចូលបាន ហើយក៏អាចទទួលបាននាវាខ្នាតមធ្យមដែលមានចំណុះផ្ទុកប្រមាណជា ៥.០០០ TEU បានដែរ។

នាវាចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas.gov)

មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលកំពុងខិតខំក្នុងការការអភិវឌ្ឈកំពង់ផែទឹកជ្រៅនេះ ឲ្យនាវាធុនយក្សអាចចេញចូលបាននៅក្នុងរង្វង់ពីឆ្នាំ២០២៧ ទៅ ២០២៨ និងដើម្បីអាចភ្ជាប់កម្ពុជាទៅកាន់ប្រទេសនៅសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ជប៉ុនបានសន្យាជួយកម្ពុជាក្នុងការអភិវឌ្ឍកំពង់ក្រុងព្រះសីហនុក្នុងជំហានទី២ និងទី៣ ដើម្បីឲ្យកំពង់ផែនេះក្លាយទៅជាកំពង់ផែខ្នាតអន្តរជាតិ ដែលអាចឲ្យនាវាធំៗចូលចតបាន ដោយជំហានទីពីរគឺផែនការកសាងផែដែលមានប្រវែវ ៤១០ម ជម្រៅទឹក ១៦ម ហើយជំហានទី៣ គឺ ៤៤០ម ជម្រៅទឹក ១៧,៥០ ម ។

នាវាចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas.gov)

សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់របស់កម្ពុជា ដែលបង្កើតឡើងនៅដើមឆ្នាំ១៩៥៦ លើផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ហិកតា។ កំពង់ផែនេះមានចំណតនាវាចំនួន៨ចំណត ដែលបំពាក់ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ហើយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់៕

អត្ថបទដោយ៖ Nevin

Related Articles