នាយកប្រតិបត្ដិនៃអាជ្ញាធរអគ្គិសនីកម្ពុជា លោក តេង សុខុមាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះបានបញ្ជាក់ឲ្យដឹងថា កំណើនថាមពល និង តម្រូវការប្រើប្រាសអគ្គិសនី ក្នុងឆ្នាំនេះ មានការកើនឡើងតិចជាងឆ្នាំមុន មូលហេតុគឺដោយសារតែជួបបញ្ហាកូវីដ១៩។ ការលើកឡើងនេះ បន្ទាប់ពី កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុគ្រោះ និងលើកទឹកចិត្ដ ចំពោះការបង់ថ្លៃអគ្គិសនី របស់អ្នកប្រើប្រាស់អគ្គិសនីប្រភេទ ឧស្សាហកម្ម និងកសិកម្ម ពាណិជ្ជកម្ម រដ្ឋបាល និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។
លោក បានបញ្ជាក់ថា ជាធម្មតាពីមួយឆ្នាំទៅមួយឆ្នាំ កំណើនថាមពល និងតម្រូវការ មានការកើនឡើង ប៉ុន្ដែការកើនឡើង នៅឆ្នាំ២០២០នេះ វាមិនមានការកើនឡើងច្រើន ដូចឆ្នាំមុនៗនោះទេ ដោយសារជួបកូវីដ ធ្វើឲ្យរោងចក្រមួយចំនួន ធ្វើការផលិតមានថយចុះ។ បន្ថែមពីនោះទៀត វិស័យទេសចរណ៍ រោងចក្រ និងសណ្ឋាគារធំៗ នៅខេត្តសៀមរាប ដែលមានការប្រើប្រាស់អគ្គិសនី មានការថយចុះយ៉ាងច្រើនផងដែរ។
លោក តេង សុខុមាល បានបន្ដទៀតថា ជារួមការប្រើប្រាស់ថាមពលអគ្គិសនី បើធៀបនឹងឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២០នេះ មានការកើនឡើងចំនួន ប្រមាណ២០ភាគរយតែប៉ុណ្ណោះ។
ដោយ៖ Stince
ប្រភព៖ ក្នុងស្រុក