We TV Cambodia

កូរ៉េខាងត្បូងសម្រេចផ្ដល់ឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

កូរ៉េខាងត្បូងសម្រេចផ្ដល់ឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ប្រភព៖ ហ្វេសប៊ុក)

ប្រទេសកូរ៉េខាងត្បូង បានទទួលយកនូវសំណើរបស់កម្ពុជា ក្នុងការស្នើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប១៥០គីឡូម៉ែត្រ ដែលគិតចាប់ពីផ្លូវបំបែកស្រែអំបិល ដល់ទីរួមខេត្តកោះកុង។

ការឯកភាពទទួលយកសំណើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference រវាងក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំដោយឯកឧត្ដម សូរ វ៉ិចទ័រ ដែលជារដ្ឋលេខាធិការ ជាមួយនឹងមូលនិធិសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងវាយតម្លៃលើសំណើសុំឥណទានបន្ថែមសម្រាប់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។ សំណើរឥណទាននេះដែរ នឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសាស្អែកនេះ ដើម្បីត្រៀមរៀបចំដាក់ឲ្យដេញថ្លៃសាងសង់។

ឯកឧត្ដម សូរ វ៉ិចទ័រ (ប្រភព៖ ហ្វេសប៊ុក)

ឯកឧត្ដម សូរ វ៉ិចទ័រ មានប្រសាសន៍ថា ផ្លូវនេះមានប្រវែងសរុប ១៥០គីឡូម៉ែត្រ ហើយកន្លងមកត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កំណត់ និងកត្តាធម្មជាតិផ្សេងៗ។ ដោយសារផ្លូវនេះជាច្រករបៀងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានសម្រេចពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិនេះពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) និងពង្រីកទទឹងផ្លូវពី១០ម៉ែត្រ ទៅ១១ម៉ែត្រ ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនសំដៅរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំតាមរយៈ Video Conference (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថា ការស្ថាបនាផ្លូវជាតិលេខ៤៨ នេះ គម្រោងនឹងចំណាយទឹកប្រាក់ជាង ៧៥លានដុល្លារអាមេរិក ដែលក្នុងនោះកម្ចីពីរដ្ឋាភិបាលកូរ៉េចំនួន ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាចំនួន ៨លានដុល្លារផងដែរ៕

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ប្រភព៖ ហ្វេសប៊ុក)
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ប្រភព៖ ហ្វេសប៊ុក)
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles