នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និយាយកាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមនឹងចាប់ផ្តើមអនុវត្តវិធានការបិទប្រទេស ឬតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះរយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មាន Reuters កាលពីម្សិលមិញនេះ។
ចំពោះការបិទប្រទេសរយៈពេល ១៥ថ្ងៃនេះដែរ គឺអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ ប៉ុន្តែមនុស្សអាចចេញទៅក្រៅដើម្បីទិញអាហារ ថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងៗបានធម្មតា ហើយត្រូវរក្សាចំងាយពីគ្នាយ៉ាងតិច ២ម៉ែត្រ។
គូសបញ្ជាក់ផងដែរថា គិតមកត្រឹមព្រឹកថ្ងៃទី០១ ខែមេសានេះ វៀតណាមមានអ្នកឆ្លងសរុបត្រឹមតែ ២១២នាក់ប៉ុណ្ណោះ និងមានអ្នកជាសះស្បើយចំនួន ៥៨នាក់ និងពុំទាន់មានអ្នកឆ្លងណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅឡើយទេ។ ចំពោះការសម្រេចបិទប្រទេសក្នុងកំលុងពេលនេះអាចជាវិធានការមួយដើម្បីទប់ស្កាត់ការរីករាលដាលឲ្យទាន់ពេលវេលា ព្រោះបើប្រៀបធៀបចំនួនអ្នកឆ្លងក្នុងប្រទេសវៀតនឹងបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ានដូចជាថៃ (មានអ្នកឆ្លងចំនួន ១,៦៥១នាក់) និងម៉ាឡេស៊ី (មានអ្នកឆ្លងចំនួន ២,៧៦៦នាក់) ជាដើម វៀតណាមនៅមានចំនួនតិចនៅឡើយ។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក