We TV Cambodia

កុំទម្លាប់និយាយអាក្រក់ពីអ្នកដទៃ ព្រោះពាក្យមួយម៉ាត់អាចសម្លាប់គេមួយជីវិត

កុំទម្លាប់និយាយអាក្រក់ពីអ្នកដទៃ ព្រោះពាក្យមួយម៉ាត់អាចសម្លាប់គេមួយជីវិត

សម្រួលអត្ថបទ៖ រដ្ឋ ស្រីពេជ្រ

បើតាមការលើកឡើងរបស់ លោក វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា ការនិយាយស្ដី ជារឿងដ៏សំខាន់មួយដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតព្រោះពាក្យសម្ដីមួយម៉ាត់អាចកំណត់ជោគវាសនាមនុស្សម្នាក់បាន។ មានន័យថា ពាក្យសម្តីយើងមួយម៉ាត់ អាចធ្វើឱ្យគេក្លាយជាបុគ្គលល្អប្រសើរបាន ហើយក៏អាចធ្វើឱ្យគេក្លាយជាបុគ្គលបាត់បង់អនាគតបានដែរ។ ដូច្នេះ ប្រសិនបើយើងមិនចង់ឃើញនរណាម្នាក់បាត់បង់អនាគតដោយសារតែពាក្យសម្ដីមួយម៉ាត់របស់យើង សូមកុំព្យាយាមនិយាយអាក្រក់ពីគេ កុំនិយាយវាយប្រហារគេ ហើយកុំទិតៀនគេក្នុងន័យជាន់ពន្លិចរួចលើកខ្លួនឯង។ គ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃនិយាយអាក្រក់អំពីខ្លួននោះទេ សូម្បីតែយើងខ្លួនឯងក៏ដូចគ្នាដែរ។ បើយើងចង់មានកេរ្តិ៍ឈ្មោះល្អ នោះអ្នកដទៃគេក៏ចង់មានកេរ្តិ៍ឈ្មោះល្អដូចយើងដែរ។ ត្រូវចាំថា បើយើងហាមាត់និយាយអាក្រក់ពីនរណាម្នាក់ នោះយើងខ្លួនឯងនឹងក្លាយជាមនុស្សអាក្រក់ជាងគេទៅទៀត ព្រោះមនុស្សល្អមិននិយាយអាក្រក់ឬទិតៀនអ្នកដទៃនោះទេ។

ម្យ៉ាងបើយើងនិយាយអាក្រក់ពីគេ មិនត្រឹមតែគេនោះទេដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ សូម្បីយើងក៏ប្រឈមនឹងគ្រោះថ្នាក់ដែរ។ មានន័យថា នៅពេលយើងនិយាយអាក្រក់ពីគេ នោះគេច្បាស់ជាខឹងសម្បាយើង គេច្បាស់ជាមានគំនុំគុំកួនយើង ហើយគេច្បាស់ជានិយាយអាក្រក់ពីយើងវិញដូចគ្នា។ ការនិយាយពាក្យឆ្កឹះឆ្កៀល ចាក់ដោត ឈ្នានីស និងស៊កសៀតគ្នាទៅវិញទៅមកបែបនេះ គ្មានផលចំណេញទាំងសងខាង។

តើធ្វើដូចម្ដេចដើម្បីចៀសវាងការនិយាយអាក្រក់ពីអ្នកដទៃបាន?

ជារឿងងាយស្រួលនោះទេ មុននឹងនិយាយដើមគេឬនិយាយអាក្រក់ពីនរណាម្នាក់ អ្នកត្រូវសួរខ្លួនឯង៥សំណួរជាមុនសិន៖

១- តើវាចាំបាច់ឬទេ?

២- តើវាចំណេញឬទេ?

៣- តើវាជាការពិតឬទេ?

៤- តើវាប៉ះពាល់ដល់អ្នកដទៃឬទេ?

៥- តើអ្នកបានផលប្រយោជន៍អ្វី?

ប្រសិនបើចម្លើយថា “ទេ” សូមអ្នកកុំនិយាយដើមគេ ពីព្រោះសម្ដីរបស់អ្នកមួយម៉ាត់អាចសម្លាប់ឬបិទផ្លូវគេអស់មួយជីវិត។ ឧទាហរណ៍ថា មីង “ក” មានគំនុំគុំកួនជាមួយនឹងមីង “ខ” ។ មីង “ក” តែងដើរនិយាយប្រាប់អ្នកជិតខាងថាមីង “ខ” ជាមនុស្សឆ្កួតខណៈមីង “ខ” ពុំមែនជាមនុស្សឆ្កួត។ នៅពេលមីង “ក” និយាយប្រាប់អ្នកជិតខាងដូចនេះអ្នកជិតខាងគាត់ចាប់ផ្ដើមនៅឆ្ងាយពីមីង “ខ” ឈប់និយាយស្ដីជាមួយមីង “ខ” ហើយថែមទាំងពេលឃើញមីង “ខ” ដើរកាត់មុខផ្ទះនាំគ្នាទាញរបងឬទ្វារបិទមិនឱ្យចូលផ្ទះ។ ពីមួយថ្ងៃទៅមួយថ្ងៃ មីង “ខ” កាន់តែឯកោទៅៗ។ មិនយូរប៉ុន្មានគាត់ក៏មានវិបត្តិផ្លូវចិត្ត លុះប្រហែល២ទៅ៣ឆ្នាំក្រោយ គាត់ក៏ក្លាយខ្លួនជាមនុស្សឆ្កួតមែនក៏ថាបាន។

ដូច្នេះក្នុងនាមជាបុគ្គលសប្បុរស បុគ្គលថ្លៃថ្នូរ គប្បីរៀននិយាយល្អពីគ្នាទៅវិញទៅមក រៀនប្រើមធុរសវាចា ព្រោះបើយើងនិយាយល្អពីនរណាម្នាក់ នោះរាប់ថាយើងខ្លួនឯងល្អជាងគេទៅទៀត។ ផ្ទុយទៅវិញ ប្រសិនបើយើងនិយាយអាក្រក់ពីអ្នកណាម្នាក់ នោះយើងខ្លួនឯងនឹងក្លាយជាមនុស្សអាក្រក់ជាងគេទៅទៀត ពីព្រោះសេចក្ដីអាក្រក់របស់យើង គឺស្ដែងឡើងត្រង់និយាយដើមគេនេះឯង៕

ប្រភព៖ លោកឧញ៉ាបណ្ឌិត គួច ម៉េងលី

Related Articles