សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កប៉ាល់ចំនួន១២ ដែលមានប្រមាណជាង១០០០កុងតឺន័រ ផ្ទុកទៅដោយវត្ថុធាតុដើមបានដឹកពីប្រទេសចិនមកដល់កម្ពុជាហើយ ស្ថិតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ក្នុងរោងចក្រ។
ការថ្លែងនៅក្នុងការសម្ពោធផ្លូវនៅបាត់ដំបងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនសម្ដេចបានមានប្រសាសន៍ថា «ចិននឹងជួយផ្ដល់វត្ថុធាតុដើមមកឲ្យកម្ពុជា» ជាលទ្ធផលពេលនេះវត្ថុធាតុដើមទាំងនោះបានមកដល់កម្ពុជាហើយ។ កង្វះខាតនៃវត្ថុធាតុដើមនេះបានធ្វើឱ្យកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ត្រូវបានបញ្ឈប់ខណៈដែលរោងចក្រមួយចំនួនទៀតកំពុងព្យាយាមបន្តប្រតិបត្តិការរបស់ខ្លួន។
យោងតាមក្រសួងការងារបានឱ្យដឹងថាឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគឺជាវិស័យនាំចេញដ៏ធំបំផុតរបស់កម្ពុជាដែលផ្តល់ការងារដល់ប្រជាជនប្រហែល ៧៥០,០០០ នាក់នៅក្នុងរោងចក្រ និងសាខាប្រមាណ ១.១០០។ ក្នុងកំឡុងពេលនៃការខ្វះខាតវត្ថុធាតុដើមនេះបានធ្វើឱ្យកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ត្រូវបានបញ្ឈប់ ខណៈដែលរោងចក្រមួយចំនួនទៀតកំពុងព្យាយាមបន្តប្រតិបត្តិការរបស់ខ្លួន។
គូសបញ្ចាក់ផងដែរថា វិស័យនេះរកចំណូលបាន ៩,៣២ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៩ ពោលគឺកើនឡើង ១១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក