
ដោយៈ ទិន សុខាវុធ
លោក ឃាង ភារម្យ អ្នកនាំពាក្យរបស់សាលាខេត្តព្រះសីហនុ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា កិច្ចសន្យាសាងសង់ផ្លូវចំនួន ៣៤ ខ្សែ សរុបទឹកប្រាក់ប្រមាណ $100 លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅខែវិច្ឆិកាខាងមុខនេះ។ ក៏ប៉ុន្តែ កាលបរិច្ឆេទនៃការសាងសង់ផ្លូវទាំងនោះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ការបញ្ជាក់របស់លោក ឃាង ភារម្យ ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងមួយ ស្តីពីគំរោងស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ នៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
«គម្រោងនៃការស្ថាបនាផ្លូវនៅក្នុងខេត្តព្រះសីហនុដែលមានទឹកប្រាក់ $100 លានដុល្លារ គ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលការស្ថាបនានៅដើមខែវិច្ឆិកា» នេះជាការលើកឡើងរបស់លោក ឃាង ភារម្យ ប្រាប់អ្នកសារព័ត៌មាន។
លោកបានបន្ថែមទៀតថា បន្ទាប់ពីគំរោងសាងសង់ផ្លូវទាំងនោះត្រូវបានឆ្លងកាត់និងទទួលបានការយល់ព្រមពីថ្នាក់លើ កាលបរិច្ឆេទនៃការសាងសង់នឹងត្រូវកំណត់នៅពេលចុះកិច្ចសន្យាសាងសង់ផ្លូវទាំងនោះ។
«តាមខ្លឹមសារនៃកិច្ចប្រជុំ គឺប្រើរយៈពេល ៨ ខែ ហើយវាអាចប្រែប្រួលលើសហ្នឹងខ្លះទៀត ទៅតាមស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុហ្នឹងដែរ» លោក ឃាង ភារម្យ បានបន្ថែម។
បើតាមអ្នកនាំពាក្យរូបនោះ ការស្ថាបនាផ្លូវទាំងអស់នោះនឹងជួយសំរួលដល់ការធ្វើចរាចរណ៍ដឺកជញ្ជូននិងការធ្វើដំណើរក្នុងខេត្ត ក៏ដូចជាការដឹកទំនិញផ្សេងៗ ពីខេត្តព្រះសីហនុទៅកាន់ខេត្តក្រុងផ្សេងៗទៀតដែរ៕
