We TV Cambodia

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ នឹងបញ្ចប់ការចរចានៅចុងឆ្នាំនេះ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ នឹងបញ្ចប់ការចរចានៅចុងឆ្នាំនេះ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កម្ពុជា-កូរ៉េ នឹងខិតខំក្នុងការបញ្ជប់កិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ ឲ្យបានត្រឹមដំណាច់ឆ្នាំ២០២០ ខាងមុខនេះដូចដែលបានព្រៀងទុក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មានគោលបំណងក្នុងការកាត់បន្ថយរបាំងពន្ធគយ និងមិនមែនពន្ធគយ ដែលនឹងជួយឲ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែមានភាពងាយស្រួល និងប្រសើរជាងមុន ពិសេសគឺទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅផងដែរ។

ការប្រកាសនេះដែរ បញ្ជាក់ថា កម្ពុជា និងកូរ៉េ បានធ្វើការចរចាគ្នាអស់ ២លើករួចមកហើយពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនទាន់មានការសម្រេចទាំងស្រុងនៅឡើយទេ ហើយគេរំពឹងថាប្រទេសទាំង២ នឹងអាចបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ២០២០ ខាងមុខនេះ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន

សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េក្នុងឆ្នាំ២០១៩ មានរហូតដល់ជាង ១ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ៣៦% បើធៀបទៅនឹងឆ្នាំ២០១៨ ដោយមានត្រឹមតែ ៧៥៦លានដុល្លារប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles