We TV Cambodia

ការិយាល័យ Premier Banking ចាប់ផ្ដើមបង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា

ការិយាល័យ Premier Banking ចាប់ផ្ដើមបង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា

ធនាគារ RHB បានបើកសម្ភោធការិយាល័យ PREMIER BANKING ជាលើកដំបូងរបស់ខ្លួននៅកម្ពុជានៅថ្ងៃទី០៤ នេះហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនលើសេវាកម្មហិរញ្ញវត្ថុ។

លោក វង្ស គីប៉ អគ្គនាយកធនាគារ RHB (ខេមបូឌា) បានប្រាប់ឲ្យដឹងថា RHB មានគម្រោងនឹងបើកដំណើរការការិយាល័យបែប PREMIER BANKING នេះឲ្យបាន ២ ទៅ៣ ទីតាំងបន្ថែមទៀតនាពេលអនាគត ហើយក្រុមហ៊ុនពឹងថា ១០% នៃអតិថិជនសរុបដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ RHB ដែលមានចំនួន ៣៥,០០០នាក់នឹងប្ដូរមកប្រើសេវាកម្ម RHB PREMIER BANKING វិញ។

លោកបន្តថា អតិថិជនទាំងអស់ដែលប្រើប្រាស់ RHB PREMIER BANKING នឹងទទួលបានសេវាកម្មធនាគារឯកជនដំបូងគេនៅកម្ពុជា ដោយទទួលបានសេវាកម្មប្រអប់សុវត្ថិភាព ដែលអាចឲ្យអតិថិជនរក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃយ៉ាងមានសុវត្ថិភាព ហើយអតិថិជននឹងទទួលបានសិទ្ធិពិសេសនូវកន្លែងអង្គុយសម្រាក និងការធ្វើដំណើរជាលក្ខណៈឯកជននៅអាកាសយានដ្ឋានដោយឥតកំណត់នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី និងនៅអាកាសយានដ្ឋានក្នុងបណ្តាប្រទេសអាស៊ានផងដែរ។

សូមជម្រាបថា ធនាគារ RHB បានបោះជើងចូលទីផ្សារកម្ពុជាកាលពីឆ្នាំ២០០៨ ហើយគិតមកទល់បច្ចុប្បន្នធនាគារនេះមានសាខាសរុបនៅកម្ពុជាចំនួន ១២សាខា និងគ្របដណ្ដប់លើប្រទេសចំនួន៨ ក្នុងតំបន់អាស៊ាន រួមទាំងបណ្ដាប្រទេសផ្សេងទៀតក្នុងទ្វីបអាស៊ី។

អត្ថបទដោយ៖ Nevin

Related Articles