We TV Cambodia

ការសាងសង់សណ្ឋាគារសម្រាប់លក់ និងជួលនៅកម្ពុជានៅមានកម្រិតនៅឡើយ

ការសាងសង់សណ្ឋាគារសម្រាប់លក់ និងជួលនៅកម្ពុជានៅមានកម្រិតនៅឡើយ

ភ្នំពេញ៖ គំរូអាជីវកម្ម ឬ ការវិនិយោគ សាងសង់សណ្ឋាគារសម្រាប់លក់ និង ជួលបន្តទៅឲ្យវិនិយោគិនផ្សេងៗទៀតនៅកម្ពុជា ហាក់មិនទាន់រីកចម្រើនខ្លាំងនោះទេ ឬអាចនិយាយបានថាទីផ្សារប្រភេទនេះពុំទាន់មានតម្រូវការខ្លាំង។

លោក ឌីត ចាន់ណា  អគ្គនាយកក្រុមហ៊ុន Lucky real estate បានឲ្យដឹងថាចំពោះការសាងសង់សណ្ឋាគារសម្រាប់ការលក់ជួលនិងទុកវិនិយោគបន្តនៅកម្ពុជាមិនទាន់មានការរីកចម្រើននិងសម្បូរបែបនៅឡើយទេ។

លោកថា នាពេលបច្ចុប្បន្ននេះ ការសាងសង់ សណ្ឋាគារផ្តល់ត្រឹមតែការជួលបន្ទប់ និង ការលក់ត្រឹមតែជាលក្ខណះបន្ទប់តិចតួចតែប៉ុណ្ណោះ។

លោកចាន់ណាថ្លែងថា៖«​កម្ពុជានិងអាចឈានដល់ការលក់សណ្ឋាគារទាំងមូលសម្រាប់អាជីវកម្មផ្នែកអចលទ្រព្យនេះនាពេលខាងមុខ ប៉ុន្តែវាត្រូវប្រើពេលយូរបន្តិច»។

លោកបានបន្ថែមទៀតថា៖​« នាពេលបច្ចុប្បន្ន នេះការលក់និងជួលសណ្ឋាគារទាំងមូលមានត្រឹមតែ​សណ្ឋា​​គារផ្កាយបី និងជាប្រភេទមធ្យមតែប៉ុណ្ណោះ ក៏ប៉ុន្តែនាពេលអនាគតយើងនិងឃើញមានការកើនឡើងនៃការលក់សណ្ឋាគារជាលក្ខណះធំ»។

ដោយឡែកអ្នកស្រាវជ្រាវទីផ្សារ និងប្រឹក្សាយោបល់ផ្នែគ អចលនទ្រព្យពន្យល់ថា អ្នកវិនិយោគផ្នែកសណ្ឋាគារខ្នាតមធ្យមកំពុងចាប់ផ្តើមសាងសង់សណ្ឋាគាររបស់ខ្លួនសម្រាប់ជួលនិងលក់ឲ្យដៃគូវិនិយោគ ក្នុងគោលបំណងដើម្បីវិនិយោគបន្ត ក្រោយពីមើលឃើញវិស័យសណ្ឋាគារនៅកម្ពុជាកំពុងមានភាពរីកដុះដាលខ្លាំង។

លោកស្រី គីម គីនកេសា ប្រធានផ្នែកស្រាវជ្រាវ នឹងផ្តល់ការបឹក្សា នៃក្រុមហ៊ុន CBRE  បានថ្លែង ថាការសាងសង់សណ្ឋាគារសម្រាប់លក់និងវិនិយោគបន្តកំពុងចាប់ផ្តើមមានចរន្តទិញលក់នៅកម្ពុជាហើយ  ស្របពេលដែលអ្នកសាងសង់សណ្ឋាគារបានចាប់ដៃគូផ្តល់សេវាកម្មលើផ្នែកលក់និងជួលសណ្ឋាគារទាំងមូល។

លោកស្រីបន្តថា អ្នកវិនិយោគផ្នែកសណ្ឋាគារ ខុនដូកំពុងចាប់អារម្មណ៏ពីការសាងសង់សម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួននិងផ្គត់ផ្គងការស្នាក់នៅរបស់ភ្ញៀវ  មកជាការសាងសង់សម្រាប់លក់និងជួលទាំងមូលរបស់សណ្ឋាគារឲ្យអ្នកវិនិយោគដទៃទៀត ក្នុងគោលបំណងដើម្បីធ្វើការរកស៊ីបន្តនិងឆ្លើយតបទៅនិងតម្រូវការរបស់អ្នកស្នាក់នៅដែលកំពុងខ្វះខាត។

លោកស្រី គីនកេសាមានប្រសាសន៏ថា៖«​នៅកម្ពុជាការសាងសង់សណ្ឋាគារ ឬ ខុនដូ ដើម្បីលក់បន្តនេះមិនទាន់ទូលំទូលាយនៅឡើយទេ ដោយការលក់និងជួលបន្តអោយអ្នកវិនិយោគផ្សេងនៅមានកម្រិតហើយបរិបទបែបនេះមានតែសណ្ឋាគារខ្នាតមធ្យមនោះទេ។ ជាពិសេសមានតែអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកមួយចំនួនតែប៉ុណ្ណោះដែលធ្វើការលើវិស័យនេះ»។

លោកស្រីថា ទំនោរនេះបានចាប់ផ្តើមហើយ  ដោយគេឃើញថា សណ្ឋាគារក្នុងស្រុកមួយឈ្មោះថា Raffle Hotel ត្រូវបានអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរីធ្វើការទិញដើម្បីវិនិយោគនិងជួលបន្តដែលមានទីតាំងចំនួន២កន្លែងគឺទីតាំងទី១នៅភ្នំពេញនិងនិងទីតាំងទី២ស្ថិតនៅខេត្តសៀមរាប។

បើតាមរបាយការណ៏របស់ក្រសួងទេសចរណ៏ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជានៅឆ្នាំ២០១៨មានចំនួន ៦.២០១.០៧៧នាក់ ស្មើរនឹង១០.៧% ​និងគិតជាទឹកប្រាក់ដែលកម្ពុជាទទួលបានពីការមកទស្សនា មានចំនួន៤.៣៧៥ លានដុល្លារសហអាមេរិក៕

Related Articles