
ដោយ៖ឧត្តម
ការវិនិយោគរបស់ប្រទេសជប៉ុនមកលើប្រទេសកម្ពុជាត្រូវបានអ្នកសម្លឹងមើលពីស្ថានការណ៍វិនិយោគនៅក្នុងស្រុកលើកឡើងថា កម្ពុជាគួរទាក់ទាញនិងណែនាំអ្នកវិនិយោគជប៉ុនមកបន្ថែមទៀតដោយសារការវិនិយោគរបស់ជប៉ុនគឺជាគំរូល្អដល់អ្នកវិនិយោគដទៃក៏ដូចជាអ្នករកស៊ីអាជីវកម្មខ្លះដែរ។
សហស្ថាបនិក្រុមហ៊ុនអារ៉ាខាវ៉ា លោក អៀង សុធារ៉ា លើកឡើងថា ប្រសិនបើកម្ពុជាមានវិនិយោគិនជប៉ុនកាន់តែច្រើនវានឹងជួយរុញសេដ្ឋកិច្ចរបស់កម្ពុជា ទៅមុខកាន់តែលឿន និងអាចឲ្យអ្នករកស៊ីកម្ពុជា អាចរៀនសូត្រពីរបៀបធ្វើការរបស់ជប៉ុនផងដែរ។
លោក អៀង សុធារ៉ា ពាណិជ្ជករមួយរូបរបស់កម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា ដែលកំពុងសហការអភិវឌ្ឍន៍លំនៅឋានស្តង់ដារជប៉ុនដំបូងគេនៅកម្ពុជា បានឲ្យដឹងតាមរយៈកិច្ចសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយថា គុណតម្លៃរបស់វិនិយោគិនជប៉ុន ដែលមកបោះទុន វិនិយោគនៅកម្ពុជា គឺពិតជាអាចឲ្យយើងរៀនសូត្របានច្រើន។
លោកបញ្ជាក់ថា៖« ការសហការគ្នាជាមួយជប៉ុន ពិតជាមានភាពងាយស្រួល ដោយជប៉ុនតែងតែមានខន្ដី, សច្ចៈ, កត្តញ្ញូ ទោះបីជាជប៉ុនមិនបានប្រកាសខ្លួនថា ជាអ្នកកាន់សាសនាព្រះពុទ្ធពិតមែន ប៉ុន្ដែតែងតែយកការប្រតិបត្តិ តាមបែបព្រះពុទ្ធសាសនា ដូចជាខន្ដី, សច្ចៈ, កត្តញ្ញូ គឺប្រកាន់ភ្ជាប់រហូត»។
សហស្ថាបនិក្រុមហ៊ុនអារ៉ាខាវ៉ារូបនេះ បានលើកឡើងថា៖ «ខ្ញុំចង់ឃើញវត្តមានអ្នកវិនិយោគជប៉ុន កាន់តែច្រើននៅកម្ពុជា ព្រោះមាន ២ចំណុចសំខាន់ដែល វិនិយោគិនកម្ពុជា អាចរៀនសូត្រពីវិនិយោគគិនជប៉ុនបាន ទី១៖ វាអាចបង្កើន និងរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅមុខ និង ទី២៖ យើងអាចរៀនសូត្រពីការធ្វើការល្អរបស់ជប៉ុនបានច្រើន»។
លោកបន្តថា បើទៅតាមបទពិសោធន៍ ដែលលោកផ្ទាល់បានវិនិយោគរួមជាមួយ អ្នកវិនិយោគជប៉ុននោះ គឺឃើញថាអ្នកវិនិយោគជប៉ុន មានការគិតល្អិតល្អន់ គិតយូរ ប៉ុន្តែបើគិតរួចរាល់ហើយនោះ គឺមានសកម្មភាពលឿន ដោយមិនរង់ចាំយូរ ហើយនៅពេលរកស៊ីចំណេញ ពួកគេបានជួយឧបត្ថម្ភដល់អ្នកខ្វះខាត សង់សាលារៀន ទាំងអស់ជាមូលហេតុដែលលោកចង់ឃើញអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាច្រើនថែមទៀត។
ក្រុមហ៊ុនជប៉ុនមួយនេះ បានសម្រេច បោះទុនវិនិយោគទឹកប្រាក់ជាង ៧០ លានដុល្លារអាមេរិក សាងសង់លំនៅឋានអារ៉ាខាវ៉ា បែបខុនដូ ដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។
លោក អៀង សុធារ៉ាលើកឡើងថា លំនៅឋានអារ៉ាខាវ៉ា នឹងក្លាយជាលំនៅឋានសហគមន៍មួយ ប្រកបដោយសុខុដមរមនា។ គម្រោងខុនដូ អារ៉ាខាវ៉ា បានចាប់ផ្ដើមសាងសង់ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់ការសាងសង់អគារចំនួន១០ អគារ កម្ពស់២១ជាន់ស្មើៗនៅឆ្នាំ២០២០ខាងមុខ។
គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ជប៉ុនចំនួន១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក៕
