We TV Cambodia

ការលក់ម្រេចកំពតត្រឹមខែសីហាឆ្នាំនេះ ធ្លាក់ចុះបប្រមាណ ៣០តោន

ការលក់ម្រេចកំពតត្រឹមខែសីហាឆ្នាំនេះ ធ្លាក់ចុះបប្រមាណ ៣០តោន
ម្រេចកំពត (ប្រភព៖ cpp)

គិតត្រឹមខែសីហា ឆ្នាំ២០២០នេះ ការលក់ម្រេចកំពតបានធ្លាក់ចុះរហូតដល់ ៣០តោន ស្មើនឹង៤២,៩% ដែលនវជាការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ម្រេចកំពត (ប្រភព៖ rfi)

លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានឲ្យដឹងថា ក្នុងកំឡុងវិបត្តិកូវីដ១៩ នេះ អ្នកដាំម្រេចភាគច្រើនត្រូវស្តុកម្រេចរបស់ខ្លួនទុកនៅក្នុងឃ្លាំងសិន ដែលជាហេតុធ្វើឲ្យអ្នកដាំម្រេចប្រមាណ ១៨ទីតាំងបានផ្អាកសកម្មភាពដាំជាបណ្ដោះអាសន្នសិន។

លោកបន្តថា ការលក់ម្រេចកំពតគិតត្រឹមខែសីហានេះ មានតែ ៣០តោនប៉ុណ្ណោះ ខណៈកាលពីខែសីហាឆ្នាំមុនមានរហូតដល់ ៧០តោនឯណោះ។ មួយវិញទៀត ទិន្នផលម្រេចក៏មានការធ្លាក់ចុះផងដែរ ដោយគិតត្រឹមខែមិថុនា ទិន្នផលម្រេចប្រមូលបានតែ ៩០តោនប៉ុណ្ណោះ ខណៈកាលពីខែមិថុនាឆ្នាំមុនប្រមូលបានដល់ ១២៥តោន។

ចំការម្រេច (ប្រភព៖ Kampot Pepper)

លោក ងួន ឡាយ បានសង្កត់ធ្ងន់ថា ការធ្លាក់ចុះនេះគឺបណ្ដាលមកពីវិបត្តិកូវីដ១៩​ ដោយម្រេចប្រមាណ៦០% ទៅ ៧០% គឺលក់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសគឺតំបន់អឺរ៉ុប ដែលប្រទេសទាំងនេះបានរងគ្រោះយ៉ាងខ្លាំងដោយសារវិបត្តិកូវីដ១៩។ ចំណែក ម្រេច៣០% ទៅ ៤០% គឺលក់នៅទីផ្សារក្នុងស្រុកដូចជាភោជនីយដ្ឋាន និងភ្ញៀវទេសចរណ៍ជាដើម ខណៈដែលពួកគេសុទ្ធតែបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ដូចគ្នា។

ចំការម្រេច (ប្រភព៖ selepak khmer)

សូមជម្រាបថា ម្រេចកំពតមានបីប្រភេទគឺ ម្រេចខ្មៅ អាចលក់បានក្នុងតម្លៃប្រហែល ១៥ដុល្លារ, ម្រេចក្រហមប្រហែល ២៥ដុល្លារ និងម្រេចស អាចលក់បានប្រហែល ២៨ដុល្លារក្នុងមួយគីឡូក្រាម។

អត្ថបទដោយ៖ Nevin

Related Articles