We TV Cambodia

ការរំពឹងនាំចេញអង្ករឲ្យបាន ៨០ម៉ឺនតោនរបស់កម្ពុជាក្នុងឆ្នាំនេះអាចជួបបញ្ហា

ការរំពឹងនាំចេញអង្ករឲ្យបាន ៨០ម៉ឺនតោនរបស់កម្ពុជាក្នុងឆ្នាំនេះអាចជួបបញ្ហា

យោងតាមការប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជានាពេលកន្លងមក បានឲ្យដឹងថា កម្ពុជារំពឹងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ៨០ម៉ឺនតោនក្នុងឆ្នាំ២០២០ ប៉ុន្តែគោលដៅនេះហាក់កំពុងជួបបញ្ហា​ដោយសារមានការរំខានពីជំងឺកូវីដ១៩។

កាលពីឆ្នាំ២០១៩ កន្លងទៅ ពោលគឺពេញមួយឆ្នាំ២០១៩ កម្ពុជាអាចនាំចេញអង្ករបានប្រមាណ ៦២ម៉ឺនតោន ហើយសហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់គោលដៅនាំចេញអង្ករឲ្យបាន ៨០ម៉ឺនតោនក្នុងឆ្នាំ២០២០នេះ និងឈានដល់ ១លានតោននៅឆ្នាំក្រោយ។

អង្ករកម្ពុជា (ប្រភព៖ CRF)

មួយវិញទៀត គិតត្រឹមរយៈពេល ៨ខែក្នុងឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករបានប្រមាណ ៤៤ម៉ឺនតោន ដែលមានការកើនឡើងប្រមាណ៣១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាពីឆ្នាំមុន ហើយវាក៏បានបង្ហាញពីកំណើនវិជ្ជមាននៃការនាំចេញអង្កររបស់កម្ពុជាផងដែរ។

ប៉ុន្តែ ទោះជាវាបានបង្ហាញពីកំណើនវិជ្ជមាននៃការនាំចេញក៏ពិតមែន ប៉ុន្តែចំនួននេះស្មើប្រមាណតែ ៥៥%ប៉ុណ្ណោះនៃចំនួនគោលដៅដែលបានរំពឹងទុក ខណៈពេលនេះគឺកន្លងផុតរយពេល ៨ខែទៅហើយ ដែលវាហាក់នៅមានភាពឆ្ងាយគ្នាច្រើនរវាងរយៈពេល និងចំនួននៃការនាំចេញ។

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ប្រភព៖ CRF)

សូមជម្រាបថា កម្ពុជាបានខនខានក្នុងការនាំចេញអង្ករអស់មួយរយៈផងដែរ ដោយសារកូវីដ១៩ ធ្វើឲ្យរដ្ឋាភិបាលសម្រេចផ្អាកការនាំចេញជាបណ្ដោះអាសន្នសិន។ មួយវិញទៀត បណ្ដាប្រទេសជាដៃគូនាំចេញអង្កររបស់កម្ពុជាជាច្រើន បានរងការវាយលុកខ្លាំងពីកូវីដ១៩ ហើយការនាំចេញ និងនាំចូលត្រូវបានរឹតត្បឹតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles